គណៈកម្មការទី៦ នៃរដ្ឋសភា ជំរុញលើកទឹកចិត្តដល់អភិបាលខេត្តកំពត បន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោយទទួលបានជោគជ័យ និងសាទរពីប្រជាពលរដ្ឋ

(កំពត)៖ គណៈប្រតិភូគណៈកម្មការទី៦នៃរដ្ឋសភាបានថ្លែងកោតសរសើរចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់អភិបាលខេត្តកំពតដែលបានធ្វើកន្លងមក ដោយទទួលបានការគាំទ្រ និងសាទរពីសំណាក់ប្រជាពលរដ្ឋនៅតូទាំងខេត្ត។ គណៈប្រតិភូបានជំរុញនិងលើកទឹកចិត្តឱ្យអភិបាលខេត្តកំពតបន្តធ្វើការដោះស្រាយក្រៅប្រព័ន្ធតុលាការបន្តទៀត ព្រោះការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះបានកាត់បន្ថការកកស្ទះសំណុំរឿងនៅស្ថាប័នតុលាការ ក៏ដូចជាកាត់បន្ថយការចំណាយពេលវេលារបស់ប្រជាពលរដ្ឋផងដែរ។

កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មកាទី៦ នៃរដ្ឋសភា (គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា) បានដឹកនាំគណៈប្រតិភូដើម្បីចុះស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌របស់ខេត្តកំពត ដែលធ្វើឡើងនៅសាលាខេត្តកំពត ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ។

ក្រោយពីបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាព និងការអនុវត្តការងារពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរួចមក ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មកាទី៦ នៃរដ្ឋសភា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត ក្នុងការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានធ្វើឱ្យកំណើតភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ការអនុវត្តការងារលើការអនុវត្តច្បាប់នៅក្នុងខេត្តកំពតគឺមានភាពល្អប្រសើ ដោយគ្រប់ភាគីពាក់ព័ន្ធបានធ្វើការសហការគ្នាយ៉ាងស្អិតរមួតក្នុងការអនុវត្ត ដោយផ្អែកទៅលើបទដ្ឋានច្បាប់ជាធំ។ កន្លងមក ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើ ដោយការដោះស្រាយបានបញ្ចប់នូវវិវាទធំៗជាច្រើន ពិសេសវិវាទដីធ្លីរ៉ាំរ៉ៃ វិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន ដោយគិតមកដល់បច្ចុប្បន្ននេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចំនួនជិត ៣ពាក់ករណី ហើយខេត្តនៅតែបន្តខិតខំប្រឹងប្រែងក្នុងការដោះស្រាយវិវាទដែលនៅសេសសល់បន្តទៀត៕

ដោយ ៖ សិលា សារិន

ads banner