អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្ដីជំនាញ និងមន្ទីរសាធារណៈការចុះប្រប្រមូលសំរាម តាមមាត់លូទាំងយប់
(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃ០៨ សីហា ឆ្នាំ២០២៤ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ បណ្ដាលឲ្យជន់លិចតំបន់ទាបៗ ដូច្នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបានដឹកនាំមន្ត្រីអាជ្ញាធខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់តែម្ដង ដេីម្បីបង្ហូរទឹកចេញសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ។
នៅក្នុងសកម្មភាពចុះចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំងឃាងគេ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះប្រមូលសំរាមចេញពីមាត់លូ ដើម្បីឱ្យទឹកហូរបានលឿន ហើយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវលាងសំអាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីចំពោះសុខទុក្ខប្រជាពលរដ្ឋក៏ជាសុខទុក្ខរបស់សម្ដេចដែរហើយសម្ដេចបានណែនាំឱ្យឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋនិងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដោយសារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវខាងលើនេះរាល់ថ្ងៃ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ នៅយប់ថ្ងៃទី០៨សីហា ឆ្នាំ២០២៤ មេឃបានភ្លៀងយ៉ាងខ្លាំង និង មានរយៈពេលពី២ទៅ៤ម៉ោង តាមតំបន់ដែលធ្វើអោយកំរិតទឹកភ្លៀងឡើងដល់ ១៤១មីលីម៉ែត្រ បានធ្វើ អោយតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តមបានដឹកនាំអាជ្ញាធរ មន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ដោយផ្ទាល់ដល់កន្លែងនិងបានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ចញរថយន្តបូមទឹកដើម្បីធ្វើសកម្មភាពបូមនិងកាយសំរាមចេញពីមុខលូទាំងយប់ផងដែរជាពិសេសនៅចំណុចផ្លូវលេខ២៣០ ផ្លូវ៣៣៦ ម៉ុងឌីយ៉ាល់លើមហាវិថីម៉ៅសេទង់ក្នុងខណ្ឌទួលគោក។
ឯកឧត្តម ឃួង ស្រេង ធ្លាប់បានអំពាវនាវជាច្រើនលើកច្រើនសាររួចមកហើយ អោយ ប្រជាពលរដ្ឋ វេចខ្ចប់ ទុកដាក់ និង បញ្ចេញសំរាម សំណល់រឹង អោយបានត្រឹមត្រូវ កុំអោយសំរាមចូលក្នុងមាត់លូ បើមាត់លូ កកស្ទះទៅដោយសំរាមនោះ នៅពេល ភ្លៀងធ្លាក់ម្តងៗ វានិងទទួលរងការលិចលង់ហើយជៀសមិនរួចទេ។
សូមបញ្ជាក់ថា៖ ក្រោយពីកាយសំរាមចេញពីមាត់លូ នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក មិន បានប៉ុន្មានម៉ោងទេ ទឹកក៏បានហូស្រកអស់ ហើយ ក្រុមការ ងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានប្រើ រថយន្ត បាញ់លាងសំអាតផ្លូវទាំងយប់តែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ៕
ដោយ ៖ ភារ៉ា