យន្តហោះចម្បាំងបំបាំងកាយ F-22 របស់អាមេរិក បានទៅដល់មជ្ឈិមបូព៌ា
អាមេរិក៖ យោធាអាមេរិកបាននិយាយថា យន្តហោះចម្បាំងបំបាំងកាយ F-22 កម្រិតខ្ពស់ របស់អាមេរិកបានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនកងកម្លាំងរបស់ខ្លួន នៅក្នុងតំបន់មួយនេះ ក្រោយពេលដែលអ៊ីរ៉ង់ព្រមានថា នឹងវាយប្រហារ លើអ៊ីស្រាអែល ជាការសងសឹក។
អ្នកស្រី Sabrina Singh អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានប្រាប់ថា ផ្អែកតាមរបាយការណ៍ របស់មន្ទីរបញ្ចកោណ យន្តហោះចម្បាំងបំបាំងកាយ F-22 ទាំងនេះ បានចុះចត នៅក្នុងតំបន់ ហើយឈរនៅទីនោះ ដើម្បីពង្រឹងកងកម្លាំង ដែលមានស្រាប់។
មន្ទីរបញ្ចកោណ បាននិយាយ កាលពីសប្តាហ៍មុន ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបញ្ជាឲ្យបញ្ជូននាវាចម្បាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ ពោលគឺក្រោយពេល ដែលយោធាអាមេរិកមួយចំនួន បានរងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីដើមសប្តាហ៍។ ទីក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោស ទៅលើក្រុមជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់។
ក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្ត ត្រូវបានគេបារម្ភខ្លាំងថា នឹងបើកការវាយប្រហារ លើអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលក្រុមហាម៉ាស់ និងក្រុម ហេសបូឡា នៅអ៊ីរ៉ង់ កាលពីសប្តាហ៍មុន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត