ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai 2024 ពង្រីកទំហំពាណិជ្ជកម្ម និងពង្រឹងមិត្តភាព កម្ពុជា-ថៃ
(ភ្នំពេញ)៖ ស្ថានទូតថៃប្រចាំកម្ពុជា និងសមាគមពាណិជ្ជករថៃនៅកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024 ឬ (Bio-Circular Green Economy) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី១៨ សីហា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងរឹតចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរ កម្ពុជា-ថៃ ឲ្យកាន់តែល្អប្រសើរថែមទៀត ។
លោក នីរ៉ាវ៉ាត់ រង្សីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅកម្ពុជា បានថ្លែងឱ្យថា ស្ថានទូតថៃរបស់ខ្លួនទទួលបានសិទ្ធរៀបចំកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” ចាប់ពីថ្ងៃទី១៥ ដល់ ទី១៨ សីហា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលពិព័រណ៌កោះពេជ្ររាជធានីភ្នំពេញរយៈពេលបីថ្ងៃ ចាប់ពីម៉ោង០៩ព្រឹកដល់ម៉ោង០៩យប់ ដែលជាប្រភេទពិរព័ណដោយនាំយកប្រភេទទំនិញថៃ ម៉ាកល្បីៗ មកដាក់បង្ហាញ លក់និងរកតំណាងដៃសហការចែកចាយ នៅកម្ពុជា ។
លោកបានបញ្ជាក់ថា ការរៀបចំពិព័រណ៍លើកនេះ មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន ២២០ ក្រុមហ៊ុន មានស្តង់សរុបចំនួន ២៥០ ស្តង់ ក្នុងនោះនឹងនាំយកទំនិញជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់ដូចជា៖ ១. អាហារ និង ភេសជ្ជៈ២. សំលៀកបំពាក់ និង វាយនភ័ណ្ឌ៣. គ្រឿងសំអាង និងទំនិញសុខភាព សម្ផស្ស៤. សំភារៈប្រើប្រាស់ក្នុងផ្ទះ និង សំភារៈផ្ទះបាយ ៥. វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ៦. សំភារៈធ្វើពីស្បែក និង ស្បែកជើង៧. សំភារៈអគ្គិសនី និង អេឡិចត្រូនិក ៨. សំភារះតុបតែងផ្ទះ និងគ្រឿងសង្ហារិម ៩. ទំនិញ OTOP របស់ប្រទេសថៃ ១០. ទំនិញផ្សេងៗ ជាច្រើនទៀត ។
គោលបំណងក្នុងការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024 នាលើកនេះគឺ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថាន ហើយដើម្បីជាការអរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃឲ្យមានឳកាសបានទិញទំនិញពីម្ចាស់រោងចក្រដោយផ្ទាល់ក្នុងតម្លៃសមរម្យ ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា បានឱ្យដឹង ផងដែរថា រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលនយោបាយជាតិជំរុញសេដ្ឋកិច្ចបៃតង (Bio- Circular Green Economy: BCG) ដើម្បីការពារបរិស្ថាន និងកាត់បន្ថយ បញ្ហាកំដៅពិភពលោក ដោយជំរុញការផលិតនិងការនាំចេញនូវទំនិញ BCG ទៅក្រៅប្រទេស ជាពិសេសប្រទេសកម្ពុជាដែលជាទីផ្សារ យ៉ាងសំខាន់ ។
នៅក្នុងពិព័រណ៍នេះ មានរៀបចំកម្មវិធីចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃ និងពាណិជ្ជករ កម្ពុជា (B2B) ដោយបានទទួលការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា ។ សូមអញ្ជើញមកទស្សនាដោយផ្ទាល់ ដើម្បីបានស្គាល់និងស្វែងយល់ពីផលិតផលមុខទំនិញជាង២២០មុខមកពីប្រទេសថៃ ៕
ដោយ / គ្រី សម្បត្តិ