សម្តេចធិបតី៖ ធនាគារ ចំនួន ៨ នឹងផ្តល់ឥណទាន ជូនបងប្អូនពលករ និងសិក្ខាកាម ត្រូវទៅធ្វើការនៅបរទេស ដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥% ក្នុង ១ឆ្នាំ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនាគារ ចំនួន ៨ នឹងផ្តល់ឥណទានជូនបងប្អូនពលករ និងសិក្ខាកាមដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំ ដែលអាចឱ្យបងប្អូនសន្សំបានជាមធ្យម ១០% នៃអត្រាការប្រាក់ក្នុង ១ឆ្នាំ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត បានបញ្ជាក់ដូច្នេះ នៅលើបណ្ដាញសង្គមតេលេក្រាមនារសលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ តំណាងធនាគារ ចំនួន ០៨គំរូ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសរសេរលើបណ្ដាញសង្គម ដូច្នេះថា៖ ខ្ញុំសូមអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំសម្របសម្រួល ជាមួយធនាគារចំនួន ៨ ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបាន ទំហំឥណទានដ៏សមស្រប ជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយ លើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរ ទៅធ្វើការនៅបរទេស ។
ស្របតាមស្មារតី នៃអនុស្សារណៈយោគយល់គ្នា រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយធនាគារជាដៃគូនេះ គឺធនាគារទាំង៨ នឹងផ្តល់ឥណទានជូនបងប្អូនពលករនិងសិក្ខាកាមដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំ ដែលអាចឱ្យបងប្អូន សន្សំបានជាមធ្យម ១០% នៃអត្រាការប្រាក់ក្នុង ១ឆ្នាំ ។
ធនាគារទាំង៨ នោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC) ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ