យុទ្ធនាការដាំដើមមួយម៉ឺនដើម ក្នុងក្រុងសៀមរាបចាប់ផ្តើម
សៀមរាប៖ដើមក្ងោកចំនួន២០០ដើមត្រូវបានដាក់ចូលរណ្ដៅតូចធំ ដែលរៀបចំរួចជាស្រេចកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នៅ ភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ដែលជាការចាប់ផ្តើម យុទ្ធនាការដាំដើមឈើមួយម៉ឺនដើមក្នុងផែនការពីរឆ្នាំ នៅក្រុងទេសចរណ៍វប្បធម៌មួយនេះ។
គោលដៅនៃការដាំនេះគឺអមដងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ។លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានចូលរួមដោយផ្ទាល់ក្រោមការ គាំទ្ររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ។លោក យុន លីនណេ បានបញ្ជាក់ថា អាជ្ញាធរខេត្តសហការជាមួយភាគីពាក់ព័ន្ធ នឹងដាំ ដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបានមួយម៉ឺនដើម ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។លោកបន្តថា ការចូលរួមដាំដើមឈើ នាពេលនេះ បានបង្ហាញឱ្យឃើញនូវការគាំទ្រដ៏ឧត្ដុងឧត្ដម ពីគ្រប់ មជ្ឈដ្ឋាន ដល់ចលនា ដាំដើមឈើ ដោយចាត់ទុកចលនានេះជា កាតព្វកិច្ចដ៏ចម្បងផ្សារភ្ជាប់នឹងសេចក្ដីត្រូវការចាំបាច់នៃជីវភាពរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋនិងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យលើទឹកដីខេត្ដសៀមរាប និង ធ្វើឱ្យដងវិថីក្នុងក្រុងក្លាយជារុក្ខវិថី ប្រកបដោយបរិស្ថានបៃតង។
ឆ្លៀតក្នុងឱកាសនេះដែរលោកអភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះអង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល ដែលយកចិត្ដទុក ដាក់ជួយដល់ខេត្ដសៀមរាប ក្នុងកិច្ចការថែរក្សាធនធានធម្មជាតិសំខាន់ ព្រៃ ឈើដែលជាបញ្ហាចម្បង។
លោកស្រី ហេង ចរិយា អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាសាខា ខេត្តសៀមរាបបាននិយាយថា យុទ្ធនាការដាំដើមឈើនាពេលនេះ ក្នុងគោលបំណងដើម្បីបង្កើនសម្រស់និងលើកកម្ពស់សោភណភាព ក្នុងក្រុងសៀមរាបឱ្យក្លាយជាទីក្រុងបៃតង៕
អត្ថបទនិងរូបភាព៖ប៊ុនរដ្ឋា