ប្រធានក្លិប CFB ចាត់ទុកវិស័យឯកជន ជាដៃគូសំខាន់ ក្នុងការអភិវឌ្ឍន៍កីឡាយានយន្ដ និងទាក់ទាញវិស័យទេសចរណ៍
(ភ្នំពេញ)៖ លោក រ៉េម បូ ប្រធានក្លិប Cambodia Family Biker បានចាត់ទុកវិស័យឯកជន គឺជាដៃគូដ៏សំខាន់ ក្នុងកិច្ចសហការគាំទ្ររៀបចំព្រឹត្តិការណ៍ ក៏ដូចជាចូលរួមអភិវឌ្ឍវិស័យកីឡាយានយន្ដ និងទាក់ទាញវិស័យទេសចរណ៍មកកាន់នៅកម្ពុជា ។ ការអះអាងនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមកីឡាករម៉ូតូធំរបស់ខ្លួន ចូលរួមអបអរសម្ពោធនិមិត្ដសញ្ញាថ្មី និងជប់លៀងមហាគ្រួសារ ZIC (ហ្ស៊ីក) កាលពីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ។
លោក រ៉េម បូ បានបញ្ជាក់ថា ការចូលរួមអបអរនេះ ក៏ព្រោះលោកបានមើលឃើញពីការរួមចំណែករបស់ក្រុមហ៊ុនកន្លងមកក្នុងវិស័យកីឡាយានយន្ដនៅកម្ពុជា ស្របពេលលោកក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នាខែវិច្ឆិកា ដោយនឹងអញ្ជើញក្រុមហ៊ុនចូលរួមសហការផងដែរ។ ប្រធានក្លិប Cambodia Family Biker បន្តថា ខ្ញុំសប្បាយរីករាយដែលមានក្រុមហ៊ុនឯកជន ជាដៃគូក្នុងការជម្រុញវិស័យកីឡាយានយន្ត ជាពិសេស វិស័យម៉ូតូត្រៃ ម៉ូតូធំ រថយន្តប្រណាំង ដើម្បីអោយកីឡាករប្រណាំងមានលទ្ធផលចូលរួមប្រណាំងទាំងក្នុង និងក្រៅស្រុក និងឧបត្ថម្ភអ្នករៀបចំមានធនធានថវិកាច្រើនដើម្បីរៀបចំព្រឹត្តការណ៍ប្រណាំងអោយច្រើន លើកស្ទួយវិស័យមួយនេះអោយកាន់តែរីកចំរើន និងចូលរួមទាក់ទាញវិស័យទេសចរណ៍ផងដែរ។
គួរដឹងថា ហ្ស៊ីក បានចូលមកកម្ពុជា តាំងពីឆ្នាំ២០១៣ ហើយក្រៅពីបម្រើឲ្យអតិថិជនខ្លួន ក្រុមហ៊ុនតែងផ្សារភ្ជាប់ជាមួយសកម្មភាពកីឡា ដោយតែងចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ជាច្រើន ។ អ្វីដែលពិសេស ក្នុងពិធិសម្ពោធនិមិត្ដសញ្ញាថ្មី ក្រុមហ៊ុនក៏បាននាំមកនូវទស្សនីយភាពសម្ដែងនូវក្បាច់គុនល្បុក្កតោ ដើម្បីរួមចំណែកលើកកម្ពស់ក្បាច់គុនអត្តសញ្ញាណជាតិនេះផងដែរ ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ-មឿង ចំរ៉ុង