ក្រុម VKH Rally Racing បានធ្វើការត្រួតពិនិត្យបច្ចេកទេសរថយន្តប្រណាំង និង ប្រព័ន្ធ សុវត្តិភាពផ្សេងៗ
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៩ ខែសីហា ក្រុមប្រណាំង Rally បណ្តាប្រទេសទាំង១០ បាន មកដល់ទីតាំងនាខេត្តសូរ៉ាត់ថានី ត្រៀមចូលរួមប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ ២០២៤ (Asia Cross Country Rally 2024) លើចម្ងាយផ្លូវប្រណាំងសរុប ២៤០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តសូរ៉ាត់ថានី ហួហ៊ីន និងខេត្តកាន់ឆាណាក់បូរី ។
កីឡាករ វង្ស គឹមហួត ជំនួយការអ្នកបើកបរ បានអោយដឹងថា ការធ្វើដំណើរពីរាជធានីភ្នំពេញមកដល់ខេត្តសូរ៉ាត់ថានី រថយន្តប្រណាំង រថយន្ត Service និងក្រុមការងារមិនបញ្ហាអ្វីនោះទេ ក្រោយចំណាយពេល៤ថ្ងៃ៣យប់ លើចម្ងាយផ្លូវ១៣០០គីឡូម៉ែត្រ ។ អ្នកជំនាញប្រណាំង Rally រូបនេះ បន្ថែមថា ការមកដល់មុននេះ យើងមានពេលវេលាច្រើន ដើម្បីសាកល្បងរថយន្ត និងពិនិត្យពីបច្ចេកទេស កម្លាំងម៉ាស៊ីន គ្រឿងក្រោមរថយន្ត កង់ និងផ្នែកផ្សេងៗ បើខ្វះខាតកន្លែងណា ជួសជុលបន្ថែម។ ក្រុមប្រណាំងខ្លាំងមួយចំនួនធំបានមកដល់បណ្តើរៗហើយ ទាំងរថយន្ត និងម៉ូតូ ហើយក៏បានចាប់ត្រួតពិនិត្យបច្ចេកទេស និងម៉ាស៊ីនដូចយើងដែរ ។ កីឡាករ វង្ស គឹមហួត បន្តថា ការប្រណាំង Rally ឆ្នាំនេះ មានរថយន្តចូលរួមច្រើនរហូត៤៥គ្រឿង រីឯ Class សាំង ៩គ្រឿង មកពី ១០ប្រទេស សិតសឹងតែជៀងខ្លាំង មានកីឡាករប្រណាំងថ្មី និងកីឡាករប្រណាំងដែលខកខានពីឆ្នាំមុនក៏ត្រឡប់មកចូលរួមវិញ។ កីឡាករ វង្ស គឹមហួត ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជាដៃគូ ដែលតែងតែឧបត្ថម្ភគាំទ្រ នឹងប្តេជ្ញាចិត្តខ្ពស់ថា នឹងដណ្តើមយកពានអោយបានពីការប្រណាំងកម្រិតអាស៊ីមួយនេះជូនកម្ពុជា ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) នឹងចាប់ផ្តើមប្រកួតរយៈពេល៦ថ្ងៃ ពីថ្ងៃទី១១ ដល់ទី១៧ ខែសីហា នៅប្រទេសថៃ។ ក្រុម VKH Rally Racing មានរថយន្តប្រណាំងមួយគ្រឿង បើបរដោយកីឡាករ ហេង បញ្ញា និងជំនួយការអ្នកបើកបរ កីឡាករ វង្សគឹមហួត និងមានរថយន្ត Service ៤គ្រឿង ៕
អត្ថបទ-រូបភាព ចាន់ វិចិត្រ