សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ឆ្លងកាត់កម្ពុជា
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ឆ្លងកាត់កម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជាមួយលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ សីហា ។
លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះវប្បធម៌សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានារបស់កម្ពុជា និងសុខសន្តិភាពនៅកម្ពុជា ។
ក្នុងឱកាសប្រារព្ធខួប ២៥ឆ្នាំរបស់ខ្លួន ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ដែលអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង ៥០ប្រទេស នឹងឆ្លងកាត់ប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ ព្រឹត្តិការណ៍នេះ នឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រការរៀបចំនូវព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះនៅកម្ពុជា។ អាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ និងការត្រៀមបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់របស់ប្រជាជនខ្មែរ។
សម្តេចធិបតីក៏បានអរគុណមូលនិធិ Gumball 3000 Rally ដែលបានចូលរួមចំណែកក្នុងការគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ និងគ្រោងជួយសាលាបណ្តុះបណ្តាលកីឡានៅកម្ពុជាផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ