ឌូបៃប្រើវិធី៥យ៉ាង ៣ខែទាញអ្នកទេសចរបរទេសជិត ៤៥លាននាក់
ឌូបៃ: ក្នុងពេល៣ខែតែប៉ុណ្ណោះក្នុងឆ្នាំ ២០២៤នេះ អ្នកទេសចរអន្តរជាតិជិត ៤៥លាននាក់ បានសម្រុកទៅលេងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម។
នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិឌូបៃ លោក Paul Griffiths បាននិយាយថា ឌុយបៃអាចទទួល បានអ្នកទេសចរបរទេសរហូតដល់ជិត ៩២លាននាក់នៅត្រឹមដំណាច់ឆ្នាំ ២០២៤។ លោកចាត់ទុកថានេះជាភាពជោគជ័យមួយរបស់ឌុយបៃ បើទោះបីជាមានភាពចលាចលក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីខែតុលាឆ្នាំមុនក៏ដោយ។
គេហទំព័របដិសណ្ឋារកិច្ច The First Group បានបង្ហាញវិធីសាស្ត្រចំនួន ៥ ដែលជួយឲ្យឌុយបៃ ក្លាយជា ក្រុងទាក់ទាញអ្នកទេសចរបរទេសដ៏មានប្រជាប្រិយ។
ទី១គឺ ឌុយបៃ ផ្តល់ជម្រើសកន្លែងស្នាក់នៅសម្បូរបែប ស័ក្តសមទៅតាមតម្លៃ។ ជាទីក្រុងប្រណិតបំផុតមួយចំនួនរបស់ពិភពលោកក៏ពិតមែន អ្នកទេសចរអាចជ្រើសរើសសណ្ឋាគារផ្កាយ២ដែលមានតម្លៃប្រហែល៤០ដុល្លារក្នុងមួយយប់ ផ្កាយ៣តម្លៃប្រហែល៦០ដុល្លារ និងផ្កាយ៤តម្លៃ ៩០ដុល្លាក្នុងមួយ។ សម្រាប់អភិជន ឌុយបៃ មានបន្ទប់សណ្ឋាគារតម្លៃរាប់ពាន់ និងម៉ឺនក៏មាន។ The First Group អះអាងថា ទីក្រុងអ្នកមានមួយនេះបង្កើតដែនទេសចរណ៍សម្រាប់អ្នកទេសចរគ្រប់វណ្ណៈ។
វិធីទី២គឺ ឌុយបៃ យកផ្សារទំនើបជានុយទាញអ្នកទេសចរ។ The First Group រាយការណ៍ថា ភ្ញៀវ ៩៩% ដែលទៅលេងនៅប្រទេសអារ៉ាប់រួម ទាំងមូល គឺតម្រង់ទៅផ្សារ ដូចជា ផ្សារលក់រាយ ចំនួន Dubai Hills Mall និងផ្សារទំនើបអេមីរ៉ាត់ ដែលមានកន្លែងជិះស្គីដ៏ល្បីល្បាញបំផុតមួយលើពិភពលោក។
ទោះបីមិនទិញក៏ដោយ អ្នកទេសចរសប្បាយភ្នែកនឹងការដាក់តាំងលក់មាសទាំងដុំៗ និងទាំងឈុតៗ ក្រហមច្រាលភ្នែក។ The First Group អះអាងថា ឌុយបៃលកគ្រឿងអលង្កាធ្វើពីមាស ផ្លាទីន ពេជ្រ និងប្រាក់ ក្នុងតម្លៃថោកជាងបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។
វិធីទី៣គឺ ការអនុញ្ញាតិឲ្យភ្ញៀវទេសចរភ្លក់អាហារដ៏សម្បូរបែបដោយមិនគិតថ្លៃជាមុនសិន ហើយភ្ញៀវអាចសម្រេចចិត្តកុម្ម៉ង់ម្ហូបដែលត្រូវនឹងរសជាតិរបស់ពួកគេ។ The First Group រាយការណ៍ថា នេះជាវិធីសាស្ត្រដែលកម្រមាននៅប្រទេសផ្សេង។
វិធីសាស្ត្រទី៤គឺសំណង់ស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិត។ The First Group ដដែលលើកឡើងថា មុននឹងសាងសង់អាគារអ្វីមួយ អ្នកវិនិយោគនៅឌុយបៃ តែងបញ្ជូលគំនិតទេសចរណ៍ មានន័យថា ពួកគេសួរតើអាគារនេះមានលក្ខណៈពិសេសគ្រប់គ្រាន់សម្រាប់ទាក់ភ្នែកអ្នកទេសចរដែរទេ? ដោយបែបនេះហើយ ក្រុមហ៊ុនសំណង់នៅឌុយបៃត្រូវខិតខំរិះរកគំនិតច្នៃប្រឌិតដើម្បីប្រជែងយកទីផ្សារ។ និន្នាការនេះនាំផលចំណេញដល់វិស័យទេសចរណ៍របស់អារ៉ាប់រួមទាំងមូល។
ប៉ុន្តែ សម្រាប់បើអ្នកទេសចរធុញនឹងអាគារខ្ពស់ មិនចូលចិត្តដើរផ្សារ ឌុយបៃដល់ជម្រើសប្លែកអារម្មណ៍មួយទៀតគឺ ការជិះស្គីលើព្រិលទឹកកក និងជិះអូដ្ឋនៅលើវាលខ្សាច់ ដែលត្រូវចាយប្រាក់ប្រមាណ ១៤ដុល្លារ។
The First Group លើកឡើងថា តាមរយៈ៥វិធីនេះ ឌុយបៃបានធ្វើឲ្យអ្នកទេសចរហ៊ានចាយប្រាក់ដោយមិនស្តាយ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា