ជប៉ុនប្រើពេល១០ឆ្នាំ សង់ផ្លូវពិសេសសម្រាប់រថយន្តគ្មានមនុស្សបើក

 
តូក្យូ: ដើម្បីដោះស្រាយបញ្ហាកង្វះអ្នកបើកបរថយន្តដឹកទំនិញ ប្រទេសជប៉ុននឹងចំណាយ ៥៤៥ លានដុល្លារ សាងសង់ផ្លូវមួយខ្សែប្រវែង ៥០០គីឡូម៉ែត្រតភ្ជាប់ទីក្រុងតូក្យូ និងទីក្រុងអូសាកា។ ជាផ្លូវអាចបើកបរដោយស្វ័យប្រវត្តិ ពុំចាំបាច់មានមនុស្សបើក។
 
ផែនការអភិវឌ្ឍន៍ផ្លូវនេះ ត្រូវបានបង្ហាញកាលពីខែមុន ដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT)។ ផ្លូវនេះ អាចនឹងប្រើពេលសាងសង់រយៈពេលមួយទស្សវត្សរ៍។ យូរដោយសារតែត្រូវការបំពាក់បច្ចេកវិទ្យាខ្ពស់ និងត្រូវធ្វើតេស្តច្រើនដំណាក់កាល។ នេះបើយោងតាមការប៉ាន់ស្មានដោយកាសែតជប៉ុនYomiuri។
 
ការសិក្សាថ្មីមួយដោយវិទ្យាស្ថានស្រាវជ្រាវ Nomura បានបង្ហាញថា នៅឆ្នាំ ២០៣០ ជប៉ុននឹងជួបប្រទះកង្វះ ៣៥ភាគរយនៃអ្នកបើកឡានដឹកទំនិញនៅទូទាំងប្រទេស ក្នុងនោះតំបន់ ជនបទ នឹង រង គ្រោះ ខ្លាំង ជាង គេ។
 
ក្រៅពីជួយដោះស្រាយបញ្ហាខ្វះអ្នកបើកបរ ផ្លូវនេះក៏ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិកផងដែរ ដោយសាររថយន្តដឹកទំនិញដែលត្រូវរត់លើផ្លូវនេះជារថយន្តអគ្គិសនី។
 
វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) បានប៉ាន់ប្រមាណថា ការដឹកជញ្ជូនទំនិញទាក់ទងនឹងពាណិជ្ជកម្ម បានរួមចំណែកច្រើនជាង ៧ភាគរយនៃការបំភាយឧស្ម័នកាបូនិចសរុបនៅទូទាំងពិភពលោក ហើយមានចំនួនប្រហែល៣០ភាគរយនៃការបំភាយដែលទាក់ទងនឹងការដឹកជញ្ជូនទាំងអស់។
 
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថាសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប គឺជាអ្នកបញ្ចេញឧស្ម័ននាំមុខគេក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវគោក ខណៈដែលប្រទេសជប៉ុនមានប្រហែល ៣ភាគរយ។ ប្រទេសជប៉ុនមានបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន ៤៦ភាគរយនៅឆ្នាំ ២០៣០៕
 
ប្រភព: Euronews ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner