ឯកឧត្តម ឈុន សុជាតិ បង្ហាញលទ្ធផលនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូហ្សាឡាម
(ភ្នំពេញ)៖ ក្នុងដំណើរមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ របស់ប្រតិភូក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការវិស័យមុខងារសាធារណៈ (ASEAN Cooperation on Civil Service Matter- ACCSM និង ACCSM+3) ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេដារូហ្សាឡាម ប្រកបដោយជោគជ័យនិងផ្លែផ្កាជាទីមោទនៈ។
នាល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជុំវិញលទ្ធផលនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូហ្សាឡាម។
ឯកឧត្តមអគ្គលេខាធិការ ឈុន សុជាតិ បានបង្ហាញពីលទ្ធផលការចូលរួមកិច្ចប្រជុំនៃ 22nd ACCSM & 7th ACCSM+3 ព្រមទាំងកិច្ចការសម្រាប់កម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន 23rd ACCSM & 8th ACCSM+3 សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦។ លើសពីនេះ ឯកឧត្តម ឈុន សុជាតិ ក៏បានបញ្ជាក់មូលហេតុនៃការជ្រើសរើសយកមូលបទ «នវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» សម្រាប់កម្ពុជាជាប្រធាននៃ ACCSM និងផលប្រយោជន៍ដែលកម្ពុជាទទួលបានចេញពីការធ្វើជាប្រធាននៃ ACCSM។
សូមបញ្ជាក់៖ ក្នុងកិច្ចប្រជុំនៃ 22nd ACCSM & 7th ACCSM+3 ប្រតិភូកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាសំខាន់ចំនួន៦ធំៗ៖ (១) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (២) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី៧ (៣) វេទិកា អភិបាលកិច្ចល្អ ដែលជាការពិភាក្សាផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធAI នៅក្នុងអភិបាលកិច្ចសាធារណៈ (៤) កិច្ចប្រជុំប្រមុខមុខងារសាធារណៈ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (៥) កិច្ចប្រជុំប្រមុខមុខងារសាធារណៈ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ និងចុងក្រោយ (៦) ការទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាមួយឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូរបស់លេខាធិការដ្ឋានអាស៊ាន៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា