ក្រុមហ៊ុន Chery Holding Group Co., Ltd. ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្ម ផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគ លើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។
ក្រុមហ៊ុន ក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សា ជាមួយដៃគូកម្ពុជា ។
សម្តេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យ ផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត ជាវិស័យអាទិភាពមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេស ដោយកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់ពី សក្តានុពលរបស់កម្ពុជាបន្ថែមទៀត រួមទាំងការវិនិយោគ លើតំបន់សេដ្ឋកិច្ចពិសេស និងការកសាងកំពង់ផែក្នុងខេត្ត សក្តានុពលមួយចំនួនរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សា ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅកម្ពុជា៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ