ប្រតិភូយុវជនកម្ពុជា ដែលចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ត្រូវយកចំណេះដឹង មកចែករំលែក និងអនុវត្តនៅប្រទេសរបស់ខ្លួន
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្អូនៗ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល ដូច្នេះត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសរបស់ខ្លួន ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨ រូប ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ មុននឹងចេញដំណើរទៅចូលរួមកម្មវិធី អ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ។
លោកជំទាវបណ្ឌិត បានថ្លែងអបអរសាទរដល់ប្រតិភូយុវជនទាំង ៨ រូប ដែលត្រូវបានជ្រើសរើសចូលរួមនៅក្នុងកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ដើម្បីលើកកម្ពស់មិត្តភាពអន្តរជាតិ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នារវាងយុវជនមកពីបណ្តាប្រទេសផ្សេងៗ មានដូចជា ចិន ម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី ថៃ ជប៉ុន វៀតណាម ទ្បាវ និងមីយ៉ាន់ម៉ា ។
លោកជំទាវបណ្ឌិត បានបន្តទៀតថា ការចូលរួមរបស់ប្អូនៗទាំង ៨ រូប គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល ដូច្នេះត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសរបស់ខ្លួន ។
លោកជំទាវបណ្ឌិត បានចែករំលែក នូវបទពិសោធន៍អំពីភាពជាអ្នកដឹកនាំដល់ប្អូនៗយុវជន ព្រមទាំងបានណែនាំឱ្យសិក្សាឈ្វេងយល់ពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន ដើម្បីជាទុនក្នុងការបង្ហាញអត្តសញ្ញាណជាតិ ទៅដល់បណ្តាប្រទេសជាមិត្តដ៏ទៃទៀត ។
ប្រតិភូយុវជនទាំង ៨ រូប បានគោរពថ្លែងអំណរគុណដល់ លោកជំទាវបណ្ឌិត ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ល្អៗ ជាទុនគំនិតដ៏សំខាន់ក្នុងការត្រៀមខ្លួន ចេញទៅបង្ហាញសមត្ថភាពជាអ្នកដឹកនាំជាមួយបណ្ដាយុវជនមកពីប្រទេសចំនួន ៨ ទៀតនៅក្នុងតំបន់អាស៊ី ៕
ដោយ ៖ វណ្ណលុក