ថ្នាក់ដឹកនាំកម្ពុជា-ចិន តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរ និងពលរដ្ឋប្រទេសទាំងពីរ ក៏បានផ្សារភ្ជាប់លើវប្បធម៌ប្រពៃណី និង វិស័យសេដ្ឋកិច្ចយូរលង់មកហើយ
(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា-ចិន តែងបានពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។កិច្ចសន្ទនា នាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា ចិន ឱ្យកាន់តែរឹងមាំទ្វេឡើង។
ការថ្លែងបែបនេះធ្វើឡើងដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក្នុងពិធីបើកកិច្ចសន្ទនាស្តីពី “ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន: កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន”ដែលបានរៀបចំឡើងនៅរាជបណ្ឌិត្យសភាពកម្ពុជានារសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា និងចិន ដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ក្រៅពីនេះចំពោះពលរដ្ឋកម្ពុជានិងចិន ក៏តែងបានផ្សាភ្ជាប់ពីទំនាក់ទំនងជាមួយគ្នាយ៉ាងល្អក្នុងនេះមិនថាជាវិស័យវប្បធម៌ ប្រពៃណីទេ ចំពោះវិស័យសេដ្ឋកិច្ចក៏មានទំនាក់ទំនងគ្នាយ៉ាងល្អផងដែរ។
ឯកឧត្តម វ៉ាង វិនពីន( Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកវេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ ។ ជាពិសេសបានចែករំលែក និង ជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវ អត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០ គឺជាកិច្ចប្រជុំសំខាន់មួយដែលមានអត្ថន័យជាទីកត់សម្គាល់។ តាមរយៈកិច្ចប្រជុំនេះ ពិភពលោកបានមើលឃើញពីប្រទេសចិន ដែលក្លាហានពុះពារជំនះឧបសគ្គ មានការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់និងអភិវឌ្ឍទៅមុខ បានមើលឃើញពីប្រទេសចិនដែលបន្តពង្រីកនវានុវត្តន៍ និង កាន់តែប្រកបដោយថាមពល បានមើលឃើញពីប្រទេសចិនដែលប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និង តែងតែបើកទូលាយប្រកបដោយបរិយាបន្ន។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានថ្លែងដែរថា៖ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និង ការបើកទូលាយប្រកបដោយកម្រិតខ្ពស់ របស់ប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនជូនគ្រប់ប្រទេសលើពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ប្រទេសចិន ស្ម័គ្រចិត្តផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយភាគីកម្ពុជា ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមស្ថានភាពប្រទេសរបស់រៀងៗខ្លួន។ ប្រទេសចិនស្ម័គ្រចិត្តចែករំលែកផលប្រយោជន៍បានមកពីការអភិវឌ្ឍន៍ជាមួយភាគីកម្ពុជា ដើម្បីចាប់ដៃគ្នាសម្រេចគោលដៅទំនើបកម្មរៀងៗខ្លួន រួមគ្នាជាមួយភាគីកម្ពុជាបន្តធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់ និង ផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា ដើម្បីបង្កើនជីវភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។
ប្រទេសចិនស្ម័គ្រចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង លើឆាកអន្តរជាតិជាមួយភាគីកម្ពុជា រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីចូលរួមកាន់តែច្រើនបន្ថែមទៀតសម្រាប់សន្តិភាព និង វិបុលភាព ក្នុងតំបន់ ក៏ដូចជា ក្នុងពិភពលោកទាំងមូល។
ក្នុងពិធីនេះដែរគេឃើញឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោក សយ សុភាព ប្រធានសមាគមអ្នកកាសែតកម្ពុជា-ចិនកញ្ញា Yao Shiya អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិនក៏បានធ្វើបទបង្ហាញអំពីការស្វែងយល់ រៀងៗខ្លួនចំពោះការកែទម្រង់នៃប្រទេសចិន និងកាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន៕
ដោយ ៖ ម៉ាដេប៉ូ