វៀតណាមសង់ផ្លូវរថភ្លើងក្រោមដី ៨ខ្សែ ដោះស្រាយបញ្ហាស្ទះចរាចរណ៍

យោងតាមសារព័ត៌មានជប៉ុន Nikkei Asia ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ដ៏រុំារ៉ៃនៅទីក្រុងហណូយ រដ្ឋាភិបាលវៀតណាមបាននិងកំពុងសាងសង់ផ្លូវរថភ្លើងក្រោមដី ជាបន្តបន្ទាប់ និងមានគម្រោងបង្កើនឲ្យបាន៨ខ្សែ គ្រាន់តែសម្រាប់ក្រុងហាណូយមួយ នៅត្រឹមឆ្នាំ២០៣០។
 
នៅពេលនេះ មានផ្លូវរថភ្លើងពីរខ្សែ ហើយដែលបានសាងសង់រួចរាល់ និងកំពុងដំណើរការ។ ផ្លូវរថភ្លើងក្រោមដីទី២ដែលទើបដំណើរការក្រោយពន្យាពេល៩ឆ្នាំគឺផ្លូវភ្ជាប់ពីទីក្រុងហាណូយ រវាងស្ថានីយ៍ Nhon និងស្ថានីយ៍ Hanoi។ ផ្លូវ និងទូរថភ្លើងផងដែរត្រូវបានផ្តល់ដោយប្រទេសបារាំង។
 
ចំណែកខ្សែទី១គឺ រវាងស្ថានីយ៍ Cat Linh និង Ha Dong ដែលបានបើកដំណើរការ កាលពីឆ្នាំ២០២១ និងត្រូវបានគាំទ្រដោយប្រទេសចិន។
 
Nikkei Asia បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ដោយសារផ្លូវសំខាន់ៗ នៅកណ្តាលទីក្រុងហាណូយ មានការកកស្ទះខ្លាំង ផ្លូវរថភ្លើងក្រោមដីខ្សែទី២ គឺជាក្តីសង្ឃឹមខ្ពស់សម្រាប់កាត់បន្ថយការកកស្ទះចរាចរណ៍។ រថភ្លើងខ្សែទីពីរនេះ មានចម្ងាយសរុប ១២.៥គីឡូម៉ែត្រ ប៉ុន្តែ ការដាក់ដំណើរការកាលពីថ្ងៃព្រហស្បតិ៍ គឺគ្រាន់តែជាផ្នែកមួយ នៃខ្សែទី២ ដែលមានចម្ងាយ ត្រឹម៨.៥គីឡូម៉ែត្រ ពោលគឺពីស្ថានីយ៍ Nhon និង ស្ថានីយ៍ Cau Giay ខណៈដែលផ្នែកក្រោមដី ៤គីឡូម៉ែត្រទៀត ពីស្ថានីយ៍ Cau Giay ទៅស្ថានីយ៍ហាណូយ គ្រោងនឹងបញ្ចប់ទាំងស្រុង នៅឆ្នាំ២០២៧។
 
ការជិះរថភ្លើងក្រោមដីនេះ គឺ ឥតគិតថ្លៃ អំឡុងពេល១៥ថ្ងៃដំបូង នៃប្រតិបត្តិការ។ បន្ទាប់មក សំបុត្រត្រូវកំណត់តម្លៃ ចាប់ពី ០.៣២ដុល្លារអាមេរិក ឬ១២០០រៀល ឡើងទៅ។ រថភ្លើងនីមួយៗ មានទូរ ៤គ្រឿង ដោយទូរនីមួយៗ អាចផ្ទុកអ្នកដំណើរ បានចំនួន ២៣៦នាក់។
 
សារព័ត៌មាន VN Express ឲ្យដឹងថា ឡានក្រុងសាធារណៈ សរុបចំនួន៣៦ គ្រឿងក៏កំពុងដំណើរការ តាមបណ្តោយផ្លូវរថភ្លើងក្រោមដីខ្សែទី២នេះផងដែរ។
 
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner