បីថ្ងៃ ថៃរកចំណូល២៦០លានដុល្លារ ពីទេសចរក្នុងស្រុក

បាងកក៖ នៅថ្ងៃសុក្រ កាសែត The Nation ថៃបានចេញផ្សាយថា អំឡុងថ្ងៃឈប់សម្រាក បីថ្ងៃ គឺ ថ្ងៃសៅរ៍នេះ អាទិត្យ និងថ្ងៃចន្ទ ដែលជាថ្ងៃជម្រើនព្រះជន្ម ម្ចាស់ក្សត្រី Sirikit អាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT បានព្យាករណ៍ថា ទេសចរណ៍ក្នុងស្រុកនឹងបង្កើតបានចំណូល ជាង២៦៦លានដុល្លារអាមេរិក ដែលជាការចំណាយ ពីសំណាក់ជនជាតិថៃ ប្រមាណ ២លាន៦សែននាក់ ទៅលើការដើរកំសាន្ត។
 
ក៏ប៉ុន្តែ ប្រធានអាជ្ញាធរ TAT Thapanee Kiatphaibool លើកឡើងថា ចំនួននេះទាបជាងពិធីបុណ្យកាលពីខែមុន ដែលមានរយៈពេល៣ថ្ងៃដូចគ្នា។ លោកស្រីដាក់បន្ទុកលើការកើនឡើង នៃបំណុលគ្រួសារ និង តម្លៃទំនិញ ដែលធ្វើឱ្យប្រជាពលរដ្ឋចេញកំសាន្តតិចជាងមុន។
 
លោកស្រី Thapanee និយាយថា តំបន់កណ្តាល នឹងមានភ្ញៀវទេសចរណ៍ច្រើនជាងគេ មានប្រមាណជាង ៦៧ម៉ឺននាក់។ បន្ទាប់មក គឺ ភាគឦសាន, ខាងកើត, ទីក្រុង បាងកក, ភាគខាងត្បូង និង ភាគខាងជើង។
 
សម្រាប់ជនជាតិថៃ ដែលមានទ្រព្យធនច្រើន ត្រូវបានព្យាករណ៍ថា អាចនឹងធ្វើដំណើរ ទៅកាន់គោលដៅប្រទេសក្បែរខាងដែរ នៅចុងសប្តាហ៍នេះ រួមទាំង ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន ជាដើម។
 
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner