ប្រធានាធិបតីប្រេស៊ីលប្រកាសកាន់ទុក្ខបីថ្ងៃ ក្រោយករណីធ្លាក់យន្តហោះផ្តាច់ជីវិតមនុស្ស ៦១នាក់

ប្រាស៊ីលីយ៉ា: ហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បណ្ដាលឱ្យមនុស្សសរុប ៦១នាក់បាត់បង់ជីវិតទាំងអស់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP។

Read. យន្តហោះមួយគ្រឿង ផ្ទុកអ្នកដំណើរចំនួន ៥៧នាក់ និងនាវិក ៤នាក់បានធ្លាក់ កាលពីថ្ងៃសុក្រនៅក្នុងរដ្ឋ Sao Paulo របស់ប្រទេសប្រេស៊ីល ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះតែម្តង។ ភ្លាមៗ ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បានប្រកាសកាន់ទុក្ខចំនួនបីថ្ងៃ។

ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានរាយការណ៍ថា យន្តហោះធុន ATR 72-500 របស់ក្រុមហ៊ុនអាកាសចរណ៍ Voepass បានធ្វើដំណើរពីទីក្រុង Cascavel ភាគខាងត្បូងរដ្ឋ Parana ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Guarulhos របស់ រដ្ឋ Sao Paulo នៅពេលដែលវាបានធ្លាក់ក្នុងទីក្រុង Vinhedo។

អាជ្ញាធរក្រុងVinhedo បាននិយាយថា គ្មាន នរណាម្នាក់អាចរួចផុតជីវិតពីឧបទ្ទវហេតុនេះទេ នៅពេលយន្តហោះធ្លាក់ទៅលើបរិវេណផ្ទះមួយកន្លែង។ ប៉ុន្តែសំណាងល្អ យន្តហោះនេះមិនបានឆក់យកជីវិតអ្នករស់នៅម្ដុំនោះទេ ហើយក៏គ្មានអ្នករបួសសូម្បីតែម្នាក់ដែរ។

គិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថាតើយន្តហោះនេះ ធ្លាក់ដោយសារមូលហេតុអ្វីទេ។ ក្រុមហ៊ុន Voepass ក៏បានអះអាងដែរថា ខ្លួនកំពុងសហការជាមួយអាជ្ញាធរ ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ ហើយនឹងផ្តល់ជំនួយពេញលេញដល់ក្រុមគ្រួសារជនរងគ្រោះនៅលើជើងហោះហើរលេខ ២២៨៣។

គួរបញ្ជាក់ថា យន្តហោះម៉ាក ATR 72 ដែលធ្លាក់នេះ មានម៉ាស៊ីនពីរ អាចដឹកមនុស្សបាន ៦៨នាក់។ យន្តហោះនេះ ផលិតកាលពីឆ្នាំ ២០១០ ដោយ ក្រុមហ៊ុន Airbus សហការជាមួយក្រុមហ៊ុនដទៃទៀត៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner