លោក ញ៉ន សិទ្ធបាន ប្រកាសចូលកាន់តំណែងអភិបាល រងខេត្តកែប

កំពត៉ ៖លោក ញ៉ន សិទ្ធ អតីតអភិបាលរងខេត្តមណ្ឌលគីរី ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តកែបជំនួសលោក ងិន ងិនដា ដែលត្រូវបានផ្លាស់ផ្តូទៅកាន់តំណែងជាអភិបាលរងខេត្តតាកែវ។

ពិធីប្រកាសបានរៀបចំនៅសាលប្រជុំសាលាខេត្តកែបកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាប្រចាំការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត

ក្នុងឳកាសនេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ  អភិបាលខេត្តកែប បានអបអរសាទរ ចំពោះលោក ញ៉ន សិទ្ធ ដែលចូលមកកាន់តំណែងជាអភិបាលរងខេត្តកែប។ឯកឧត្តមរំពឹងថា លោក ញ៉ន សិទ្ធ នឹងរួមចំណែកសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកែបឳ្យកាន់តែមានការរីកចម្រើនថែមទៀត។

ចំណែកឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកែប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តកែបទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមក៏បានបានផ្ដាំផ្ញើលោកអភិបាលរងថ្មី ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តកែបឳ្យមានការរីកចម្រើនបន្ថែមទៀត៕
ដោយៈសិលា សារិន

ads banner