ជនជាតិដើមភាគតិចអះអាងថា រាជរដ្ឋាភិបាលបានផ្ដល់នូវសិទ្ធិសេរីភាពស្មើគ្នាពេញលេញ ក្នុងសង្គមដល់ពួកគេ
(ខេត្តបាត់ដំបង)៖ ក្រសួងអភិវឌ្ឍន៍ជនបទរៀបចំ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលពិធីនេះធ្វើឡើងនៅខេត្តបាត់ដំបង មានប្រធានបទ “ការការពារសិទ្ធិរស់នៅ និង ប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត” ។
បងប្អូនជនជាតិដើមភាគតិចដែលមកចូលរួមក្នុងទិវាខាងលើនេះ បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាថា ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជនជាតិដើមភាគតិចរបស់ពួកគាត់ តាមរយៈការផ្ដល់ឱកាសឲ្យទទួលបានការសិក្សារៀនសូត្រ ជាពិសេសក្នុងការផ្ដល់នូវសិទ្ធិសេរីភាពស្មើគ្នាយ៉ាងពេញលេញក្នុងការរស់នៅក្នុងសង្គម។
ឯកឧត្តម ឆាយ ឫទ្ធីសែន លើកឡើងថា ៖ ការប្រារព្ធទិវានេះ ក្នុងគោលបំណងដើម្បីចូលរួមអភិរក្សប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងភាសា របស់បងប្អូនជនជាតិដើមភាគតិចដែលត្រូវបានធានាដោយច្បាប់ជាតិ និងគោលនយោបាយជាតិនានា។ ជាពិសេស ស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនិងដើម្បីចូលរួមជួយផ្សព្វផ្សាយឲ្យបានយ៉ាងទូលំទូលាយអំពីការលើកកម្ពស់សិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់បងប្អូនជនជាតិដើមភាគតិចនៅកម្ពុជាព្រមទាំងផ្តល់នូវឱកាសក្នុងការបញ្ចេញមតិយោបល់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈការអភិវឌ្ឍគម្រោងនានាស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។
នៅក្នុងពិធីនេះ បងប្អូនជនជាតិដើមភាគតិចមកពីតាមបណ្ដាខេត្តផ្សេងៗបាននាំយកផលិតផល ក្នុងសហគមន៍របស់ខ្លួនមកតាំងបង្ហាញនៅក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិច ឆ្នាំ២០២៤នេះដោយបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងនិងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលរៀបចំឱ្យមានទិវាជនជាតិដើមភាគតិចជារៀងរាល់ឆ្នាំដែលផ្តល់ឱកាសដល់ពួកគេ និងដើម្បីបានបង្ហាញអំពីអត្តសញ្ញាណ និងវប្បធម៌របស់ជនជាតិដើមភាគតិចក្នុងសហគមន៍នីមួយៗ ឱ្យមនុស្សនៅទូទាំងពិភពលោកបានឃើញ និងបានស្គាល់។
សូមជម្រាបថា៖ជនជាតិដើមភាគតិចទាំងអស់ដែលរស់នៅកម្ពុជាមានប្រមាណ ១,៤% នៃចំនួនប្រជាជនកម្ពុជាសរុប។ ក្នុងនោះរួមមាន៖ជនជាតិព័រ កួយ ទំពួន គ្រឹង ចារាយ ព្នង ព្រៅ កាវ៉ែត មិលស្ទៀង ក្រោល កាចក់ ខោញ ជង សួយ ថ្មូន លុន ស្អូច រដែ ខិ រអងស្ពុង ល្អឺន សំរែ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងៗទៀត ដែលបងប្អូនទាំងនោះកំពុងតែរស់នៅក្នុងខេត្តមួយចំនួនដូចជា បាត់ដំបង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង ឧត្តរមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ ព្រះសីហនុ កោះកុង បន្ទាយមានជ័យ សៀមរាប និងនៅតាមតំបន់មួយចំនួនទៀត។ ជនជាតិដើមភាគតិចខាងលើនេះ តែងប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។
ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចចំនួន ១៩៤ សហគមន៍ និងចូលរួមអនុម័តបទបញ្ជាផ្ទៃក្នុងស្តីពី ៖ ការប្រើប្រាស់ និងគ្រប់គ្រងដីជាសមូហភាពសហគមន៍ជនជាតិដើមភាគតិច បានចំនួន ១០១ សហគមន៍ផងដែរ ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)