ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល
(ភ្នំពេញ)៖ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬ Cambodia e-Arrival រួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ។
នេះជាការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា Cambodia e-Arrival នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខ បន្តថា Cambodia e-Arrival រៀបចំដោយកូនខ្មែរ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដោយបង្កើតបានជាប្រព័ន្ធជាតិតែមួយ ដែលអាចឆ្លើយតបបានទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពជាតិ ជាពិសេសក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាធុរជនបរទេស ឲ្យចូលមកទស្សនា និងធ្វើធុរកិច្ចស្របតាមការគោលនយោបាយទេសចរណ៍ និងវិនិយោគ និងក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ ។
ក្រសួងមហាផ្ទៃ បានដាក់ឲ្យអនុវត្តសាកល្បងនូវប្រព័ន្ធ Cambodia e-Arrival ជាបណ្ដើរៗនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង៣នេះ នៅអំឡុងខែកកញ្ញា ឆ្នាំ២០២៤ មុននឹងបន្តពន្លាតទៅអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគីផ្សេងទៀត ។ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ការផ្ដួចផ្ដើម និងដឹកនាំឈានទៅសម្រេចបាននូវប្រព័ន្ធ Cambodia e-Arrival នេះ គឺជាការបញ្ជាក់ច្បាស់នូវលទ្ធផលជាក់ស្ដែងថ្មីមួយទៀត នៃទិសដៅការងារអាទិភាពទាំង៦ ដែលលោកអភិសន្តិបណ្ឌិត ស សុខា បានប្រកាសអនុវត្តចាប់ពីដើមនីតិកាលទី៧ ។
សូមបញ្ជាក់ថា ៖ ប្រព័ន្ធ Cambodia e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញពីប្រទេស ធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ ខណៈបណ្ដាប្រទេសជឿលឿនកាន់តែច្រើនបាននិងកំពុងប្រើប្រាស់ប្រព័ន្ធនេះ ៕
ដោយ / គ្រី សម្បត្តិ