ប៉ូឡូញចាយ ៨៥៥លានដុល្លារ ទិញមីស៊ីលរាប់រយគ្រាប់ពីអាមេរិក
វ៉ាសូវី៖ ទីភ្នាក់ងារអាវុធជាតិបាននិយាយកាលពីថ្ងៃសុក្រថា ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីល Air-to-Air រាប់រយគ្រាប់ ដែលនេះជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធរបស់យោធាប៉ូឡូញ។
ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីល Air-to-Air រាប់រយគ្រាប់ ក្នុងតម្លៃ ៨៥៥លានដុល្លារ ជាមួយសហរដ្ឋអាមេរិក។ ទីភ្នាក់ងារអាវុធជាតិប៉ូឡូញបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា មីស៊ីល AIM-120C AMRAAM របស់អាមេរិកដែលទិញនេះ នឹងត្រូវចែកចាយនៅចន្លោះឆ្នាំ ២០២៩ និង ២០៣៣ សម្រាប់យន្តហោះចម្បាំងរបស់កងទ័ពអាកាស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ូឡូញ បានឱ្យដឹងថា ទីក្រុងវ៉ាសូវី និងវ៉ាស៊ីនតោននៅថ្ងៃអង្គារសប្តាហ៍ក្រោយ ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រប្រយុទ្ធធុន AH-64E Apache ដែលផលិតដោយអាមេរិកចំនួន ៩៦គ្រឿង មានតម្លៃជាង ៩ពាន់លានដុល្លារ។
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញក្នុងសប្តាហ៍នេះ ក៏បានប្រកាសផងដែរថាកិច្ចព្រមព្រៀងមួយទៀត ក៏នឹងត្រូវចុះហត្ថលេខាផងដែរ ដើម្បីទទួលបាននូវប្រព័ន្ធការពារមីស៊ីលដែនអាកាសប៉ាទ្រីយ៉ូត ដែលផលិតដោយអាមេរិកចំនួន ៤៨គ្រឿងផងដែរ។សហរដ្ឋអាមេរិកបានបើកភ្លើងខៀវសម្រាប់កិច្ចព្រមព្រៀងទិញលក់សព្វាវុធជាមួយប៉ូឡូញកាលពីឆ្នាំមុន ដែលនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាសូវីជំនួសឧទ្ធម្ភាគចក្រ Mi-24 ដែលនៅសេសសល់តាំងពីសម័យសូវៀត។
ប្រទេសនៅអឺរ៉ុបខាងកើតបានពន្លឿនការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីរុស្ស៊ីបានលុកលុយប្រទេសជិតខាងអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ជាក់ស្តែង ប្រទេសប៉ូឡូញបានប្រកាសកន្លងមកថា ខ្លួននឹងចំណាយថវិកា ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ដើម្បីពង្រឹងការពារជាតិនៅក្នុងឆ្នាំ២០២៤នេះ។ ភាគច្រើន ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញសព្វាវុធជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា