មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរ៖ សកម្មភាពឃោសនាបែបអគតិពីសំណាក់អ្នកនយោបាយនៅក្រៅប្រទេសតែងតែចង់ឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពវឹកវរ

ភ្នំពេញ៖ មេដឹកនាំគណបក្សមហាសាមគ្គីជាតិខ្មែរ ឯកឧត្តម ហ៊ាង គឹមស្រឿន បានមានប្រសាសន៍ថា សកម្មភាពឃោសនានយោបាយ​បែបអគតិពីសំណាក់ជនឱកាសនយោបាយដែលតែងតែលាបពណ៌ និងតែងតែឆក់ឱកាសចងបង្កឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពវឹកវរ ហើយអ្វីដែលលើកឡើងនេះ ប្រជាពលរដ្ឋខ្មែរប្រហែលជាមិនទាន់​ភ្លេចបញ្ហាប្រវត្តិសាស្ត្រ និងធ្លាប់ឆ្លងកាត់។ អ្វីដែលធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ គឺកើតចេញពីការញុះញង់ពីសំណាក់អ្នកក្រៅប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា “អ្វីទាំងអស់នេះ សូមប្រជាពលរដ្ឋគិតគូរឱ្យបានវែងឆ្ងាយពីបញ្ហាវាសនាខ្លួនឯង ក៏ដូចជាវាសនាជាតិជារួមទាំងអស់គ្នា។ កាលណាយើងបន្តជឿស៊ុប កាលណាយើងធ្លាក់ទៅក្នុងប្រវត្តិសាស្ត្រ កង់ប្រវត្តិសាស្ត្រដែលជាតិរបស់យើងបានឆ្លងកាត់ បងប្អូនធ្លាប់ឆ្លងកាត់ គឺយើងមិនទាន់ដើរឆ្ងាយឱ្យហួសពីខ្លួនយើងនៅឡើយទេ។ អ្វីដែលយើងត្រូវធ្វើ គឺខ្មែរយើងសាមគ្គីជាតិជាកម្លាំងរក្សាស្ថេរភាព ការពារសន្តិភាព រួមគ្នាធ្វើការអភិវឌ្ឍប្រទេសកម្ពុជារបស់យើងឈានទៅរកការរីកចម្រើន។ នៅលើលោកនេះ គ្មានប្រជាពលរដ្ឋណា គ្មានស្រុកទេសណាដែលគេចង់បានអស្ថេរភាពនយោបាយ រហូតឈានទៅដល់ប្រទេសធ្លាក់ទៅក្នុងភ្នក់ភ្នើងសង្គ្រាម។ នៅក្នុងភូមិនយោបាយមួយចំនួនប្រទេសដូចជា ប្រទេសមីយ៉ាន់ម៉ា ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ប្រទេសអ៊ីស្រាអែលជាមួយហាម៉ាស់ធ្លាក់ទៅក្នុងសង្គ្រាម រុស្ស៊ីជាមួយអ៊ុយក្រែន ស៊ីរី លីប៊ី អ៊ីរ៉ាក់ សុទ្ធសឹងតែយើងបានដឹងបានឮទាំងអស់គ្នាសម័យប្រព័ន្ធបច្ចេកវិទ្យាឌីជីថល”។

ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរបានបន្តថា កត្តាសំខាន់អ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវតែរក្សាស្ថេរភាព សន្តិភាពជូនជាតិ និងសេរីភាពនៅក្នុងការរស់នៅដោយសុខដុមរមនារវាងខ្មែរនិងខ្មែររបស់យើងជារួមជាមួយគ្នា៕
ដោយ៖ពលជ័យ

ads banner