សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យតំបន់លិចទឹក នៅឃុំកំពង់គោ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកចំនួនពីរ ក្នុងខេត្តកំពង់ធំ
(ភ្នំពេញ)៖ នៅយប់ថ្ងៃសៅរ៍ ទី១០ សីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវីដេអូ នៅលើបណ្ដាញសង្គមតេលេក្រាម ភ្ជាប់ជាមួយខ្លឹមសារ នៃការចុះពិនិត្យតំបន់លិចទឹក ដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកចំនួនពីរ ក្នុងខេត្តកំពង់ធំ ។

សម្ដេចបានបញ្ជាក់ថា ថ្ងៃនេះឆ្លៀតឱកាស ចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សូមជម្រាបថា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរានៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឱ្យដឹងថា ផ្លូវលំក្នុងឃុំកំពង់គោ ត្រូវបានទឹកជំនន់ហូរកាត់ផ្លូវ បណ្ដាលឱ្យខូចខាតផ្លូវប្រវែងជាង ៣គីឡូម៉ែត្រ បង្ករការលំបាកដល់ការធ្វើដំណើររបស់ប្រជាជន និងខូចខាតផលដំណាំស្រូវរបស់ប្រជាកសិករនៅក្នុងឃុំកំពង់គោ ប្រមាណជាង ៨០០ហិកតា ដែលមិនអាចជួយសង្គ្រោះបាន ។ ដោយឡែក ១០០ហិកតា ទៀត កំពុងរងផលប៉ះពាល់ តែអាចសង្គ្រោះបាន បើសិនជាមិនមានភ្លៀងធ្លាក់មកបន្ថែមទៀតទេ ។

គួរបញ្ជាក់ថា ទំនប់ស្ទាក់ទឹកកំពង់គោ និងទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ពេលសាងសង់រួចរាល់ អាចនឹងធានាទឹកសម្រាប់ការស្រោចស្រពផ្ទៃដីស្រែចម្ការបស់ប្រជាពលរដ្ឋប្រមាណជាង១២ ម៉ឺនហិចតានៅរដូវប្រាំង ។

ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ក៏នឹងដេីរតួនាទីក្នុងការពង្វាងទឹកធ្លាក់ពីស្ទឹងជីនិតប៉ែកខាងលេី នៃខេត្តព្រះវិហារចូលទៅស្ទឹងសែន ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការលិចលង់ក្រុងស្ទឹងសែន និងតំបន់ជុំវិញ ៕
ដោយ ៖ វណ្ណលុក


