ប្រធានាធិបតីបារាំង៖ សង្គ្រាមហ្គាហ្សាត្រូវតែបញ្ឈប់ជាបន្ទាន់
ប៉ារីស៖ មេដឹកនាំបារាំង កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាជាបន្ទាន់ ដោយនិយាយថា បារាំងកំពុងផ្តល់ការគាំទ្រទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា សង្រ្គាមនៅហ្គាហ្សាត្រូវតែបញ្ឈប់… ការបញ្ចប់អរិភាព គឺមានសារៈសំខាន់សម្រាប់ប្រជាជនហ្គាហ្សា សម្រាប់ចំណាប់ខ្មាំង និងសម្រាប់ស្ថិរភាពតំបន់ ដែលកំពុងតែប្រឈមមុខនឹងបញ្ហានាពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមី ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមបន្តកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គហ្សា នៅថ្ងៃទី ១៥ ខែសីហា តាមសំណើរបស់អ្នកសម្របសម្រួលអាមេរិក កាតា និងអេហ្ស៊ីប។
អ្នកសម្រុះសម្រួលរបស់អាមេរិក កាតា និងអេហ្ស៊ីប បានព្យាយាមធានាឱ្យមានបទឈប់បាញ់លើកទីពីរនៅក្នុងសង្រ្គាមរយៈពេល ១០ខែ ដែលបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ពួកហាម៉ាស នៅថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល។
ប្រទេសទាំងបីក៏បានអញ្ជើញភាគីជម្លោះឱ្យបន្តកិច្ចចរចានៅទីក្រុងដូហា ឬគែរ ដើម្បីបិទចន្លោះប្រហោងដែលនៅសល់ទាំងអស់ ហើយចាប់ផ្តើមការអនុវត្តកិច្ចព្រមព្រៀងដោយមិនពន្យារពេលបន្ថែមទៀតផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា