អាមេរិកផ្តល់ជំនួយយោធាថ្មី ១២៥លានដុល្លារដល់អ៊ុយក្រែន
គៀវ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានប្រកាសផ្តល់ជំនួយយោធាថ្មីទំហំ ១២៥លានដុល្លារដល់អ៊ុយក្រែន ខណៈកងកម្លាំងអ៊ុយក្រែនជំរុញការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងទឹកដីរុស្ស៊ី។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា កញ្ចប់ជំនួយយោធាថ្មីទំហំ ១២៥លានដុល្លារនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះអ៊ុយក្រែន នៅពេលពួកគេបន្តប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
បើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជំនួយនេះ នឹងត្រូវទាញចេញពីឃ្លាំងស្តុករបស់អាមេរិក ហើយក៏រួមបញ្ចូលទាំងឧបករណ៍ការពារដែនអាកាស, គ្រាប់កាំភ្លើងធំ , ប្រព័ន្ធរ៉ាដាពហុបេសកកម្ម និងអាវុធប្រឆាំងរថក្រោះជាដើម។
លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធូបករណ៍ទាំងនេះ នឹងជួយអ៊ុយក្រែនការពារកងទ័ព ប្រជាជន និងទីក្រុងរបស់ខ្លួន ពីការវាយប្រហាររបស់រុស្ស៊ី ក៏ដូចជាពង្រឹងសមត្ថភាពប្រយុទ្ធនៅទូទាំងសមរភូមិជួរមុខ។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់របស់អ៊ុយក្រែន ដោយបានសន្យាផ្តល់ជំនួយផ្នែកសព្វាវុធ គ្រាប់រំសេវ និងជំនួយសន្តិសុខផ្សេងទៀតជាង ៥៥ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានពេញលេញប្រឆាំងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា