ប្រធានកិត្តិយសសមាគមនារីខេត្តកំពតប្រាប់ប្រជាពលរដ្ឋឲ្យជឿជាក់លើកការដឹកនាំរបស់រាជរដ្ឋាភិបាល
(ខេត្តកំពត)៖ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានប្រាប់ដល់ប្រជាពលរដ្ឋ ឲ្យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ (CLV- DTA) កុំជឿតាមការញុះញ៉ុងរបស់ពួកអគតិ ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់ជនចាស់ជរា និងស្ត្រីក្រីក្រងាយរងគ្រោះ នៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី ១០ ខែសីហានេះ លោកជំទាវ ហ៊ុនចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសាខាសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា ក្នុងនាមសាខាសមាគមនារីខេត្តកំពត និងក្នុងនាមលោកជំទាវផ្ទាល់ សូមសំដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបពុកម៉ែបងប្អូន អ៊ុពូមីងទាំង៣០គ្រួសារ ដែលអញ្ជើញមកពីភូមិទាំង៥ ក្នុងឃុំកណ្តោល ស្រុកទឹកឈូ។
លោកជំទាវក៏បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូរពីសុខទុក្ខ និងជួយដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់មូលដ្ឋាន។ លោកជំទាវក៏បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍ខេត្តរបស់ឯកឧត្តមអភិបាលខេត្តជាច្រើន មានដូចជា ការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត , កសាងរូបសំណាកត្រីសេះសមុទ្រ កសាងនាឡិកាយក្ស មានទម្ងន់ជើងទម្រ ប្រហែលជា ៧០តោន និងនាឡិកាទម្ងន់ប្រហែលជិត ១០តោន ដាក់តាំងនៅមាត់ព្រែកកំពត សម្រាប់ឲ្យបងប្អូន និងភ្ញៀវទេសចរទស្សនា និងអាចមើលម៉ោង ហើយគម្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។
លោកជំទាវប្រធាន ក៏បានលើកឡើងពី គម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV- DTA) និងគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងប្រវត្តិសាស្ត្រទាំងពីនេះ ផ្តល់ប្រយោជន៍មហាសាលដល់ពលរដ្ឋ និងប្រទេសកម្ពុជា មិនដូចជាការលើកឡើងរបស់ពួកអគតិ ថាគម្រោងទាំងពីរ ខ្មែរចាញ់បោកគេ ខ្មែរកាត់ដីឲ្យគេនោះទេ ។
លោកជំទាវបានស្នើដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមគាំទ្ររាល់គម្រោងអភិវឌ្ឍន៍ ពិសេសគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV- DTA) និងគម្រោងព្រែកជីកហ្វូណនតេជោនេះតែម្តង។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ក៏បាននាំយកអំណោយមួយចំនួនជូនដល់ ពុកម៉ែបងប្អូនយើងចំនួន ៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ១០ គីឡូ ទឹកត្រី១យួរ ត្រីខ១យួរ, ទឹកដោះគោឆៅ១ឡូ មី១កេស និងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺផ្តាសាយ, ឈឺក្បាល, ចុកពោះ, រាគ ក្នុង១មុខ១បន្ទះ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕
ដោយ ៖ សិលា សារិន