សកលវិទ្យាល័យស្វាយរៀងរៀបចំកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី ២” ក្រោមការជួយឧបត្ថម្ភថវិកា ពីសហគ្រិនខ្មែរ (Khmer Enterprise)
(ស្វាយរៀង)៖ សាកលវិទ្យាល័យស្វាយរៀងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរៀបចំកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាល ទី២ របស់និស្សិតសាកលវិទ្យាល័យស្វាយរៀង” វគ្គផ្តាច់ព្រ័ត្រ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង ដែលមានការ ចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ អង្គភាពនានាជុំវិញខេត្ត និស្សិតកំពុង សិក្សា អតីតនិស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៤៥០នាក់ ។
លោកសាស្ត្រាចារ្យជំនួយ មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រង នៃសាកលវិទ្យាល័យស្វាយរៀង បានថ្លែងថា កម្មវិធី ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី២ នេះ គឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UNIPRENEUER) ដែលមាន សហគ្រិ នខ្មែរ ជាប្រតិបត្តិករ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
លោកសាស្ត្រាចារ្យបានបន្តថា កម្មវិធីនេះបានដំណើរការដោយឆ្លងកាត់ដំណាក់កាលសំខាន់ៗ ៥ដំណាក់កាល៖ ទី១. ដំណាក់កាលផ្សព្វផ្សាយ និងចុះឈ្មោះចូលរួម ចាប់ពីខែឧសភា ឆ្នាំ២០២៤ ទី២. ដំណាក់កាល បណ្តុះបណ្តាលពីសហគ្រិនភាព តម្រង់ទិសអំពីគំរូអាជីវកម្ម ទី៣. ដំណាក់ កាលជម្រើសវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ទី៤. ដំណាក់កាលអភិវឌ្ឍន៍បន្ត និងគំរូផលិតផល ទី៥. ដំណាក់កាល ប្រកួតប្រជែងផ្តាច់ព្រ័ត្រ។
លោកបានបបន្តថា សម្រាប់កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី២ ឆ្នាំ២០២៤ នេះមាននិស្សិត ចុះឈ្មោះចូលរួមសរុបចំនួន ១៧ ក្រុម ស្មើនឹង ៥១នាក់ ជានិស្សិតមកពី មហាវិទ្យាល័យទាំង ៥ នៃសាកលវិទ្យាល័យស្វាយរៀង។ សម្រាប់វគ្គប្រកួតផ្តាច់ព្រ័ត្រនេះ មាននិស្សិតចំនួន ០៩ ក្រុម ចូលរួម។
ឯកឧត្តម សាស្ត្រាចារ្យ ទុំ សារាវុធ បានថ្លែងថា ឈានមកដល់ដំណាក់កាលប្រកួតផ្តាច់ព្រ័ត្រនេះ ប្អូនៗនិស្សិតទទួលបានជោគជ័យរួចទៅ ហើយ គឺការជោគជ័យលើគំនិតផ្តួចផ្តើម លើរបៀបនៃការធ្វើការជាក្រុម វិន័យការងារ ការតស៊ូព្យាយាមគ្រប់ដំណាក់កាល ជាពិសេសលើការប្តេជ្ញាចិត្តលើកិច្ចការនេះ។
ឯកឧត្តម សាស្ត្រាចារ្យ ក៏បានលើកឡើងពីឱកាសទទួលបានដើមទុក ដើម្បីឲ្យនិស្សិត និងអ្នកស្រាវជ្រាវ ធ្វើការសិក្សា ស្រាវជ្រាវបង្កើតថ្មីចូលរួមចំណែកកំណើនសេដ្ឋកិច្ចផងដែរ។
ឯកឧត្តម សាស្រ្តចារ្យ បានផ្តល់នូវការលើកទឹកចិត្តឲ្យបន្តសកម្មភាពនេះ និងផ្តោតលើចំណុចគន្លឹះសំខាន់ៗចំនួន ៥ ចំណុច៖ ទី១. បង្កើតវប្បធម៌ប្រឡងប្រណាំង ប្រកួតប្រជែងដោយផ្តើមចេញពីការតាំងចិត្ត ប្រកួតប្រជែលើខ្លួនឯងជាមួយសិន ការប្រកួតប្រជែងគឺមូលដ្ឋាននៃការរីកចម្រើន ទី២. ឲ្យមហា វិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម បន្តរៀបចំ និងសម្របសម្រួល ដោយមានកិច្ចសហការជាមួយ អ្នកពាក់ព័ន្ធ ទី៣. កសាងទំនុកចិត្ត ដើម្បីពង្រីកវិសាលភាពកម្មវិធី និងការចូលរួមជាបន្តបន្ទាប់ ទី៤. អនុវត្តសកម្មភាពឲ្យមានលក្ខណៈល្អប្រសើរ (ធ្វើអ្វីដែលត្រូវធ្វើ ធ្វើឲ្យត្រូវ និងកុំខ្ជះខ្ជាយ) និង ទី៥. គំនិតបង្កើតថ្មីដែលមានភាពឆ្នៃប្រឌិតប្លែកពីអ្វីដែលមានស្រាប់ និងឆ្លើយតបជាមួយ តម្រូវការពិតជាក់ស្តែង និងបានណែនាំដល់គ្រប់មហាវិទ្យាល័យទាំងអស់ឲ្យបន្តផ្តួចផ្តើមនូវកម្ម វិធីប្រកួតប្រជែងនេះជាបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថា ក្រុមជ័យលាភីលេខ ១ បានទៅលើ ក្រុមនិស្សិត ដែលមានគំនិតអាជីវកម្មឈ្មោះ” ម្សៅ ប្រហុកខ្មែរ” ទទួលបានប្រាក់រង្វាន់ ចំនួន ៣លាន ៦សែនរៀល
ក្រុមជ័យលាភីលេខ ២ បានទៅលើ ក្រុមនិស្សិត ដែលមានគំនិតអាជីវកម្មឈ្មោះ “តែ ស្លឹកគ្រៃសុខភាព” ទទួលបានប្រាក់រង្វាន់ ចំនួន ២លាន ៨សែនរៀលក្រុមជ័យលាភីលេខ ៣ បានទៅលើ ក្រុមនិស្សិត ដែលមានគំនិតអាជីវកម្មឈ្មោះ “ពិភព ផ្គត់ផ្គង់” ទទួលបានប្រាក់រង្វាន់ ចំនួន ២លានរៀល ៕
នុត នាង