Stellantis កាត់បន្ថយបុគ្គលិកជិត ២.៥០០នាក់នៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Stellantis បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ឈប់ការផលិតរថយន្ត Ram 1500 Classic ជាលើកដំបូងនៅរោងចក្រនៃរដ្ឋ Michigan ហើយបានព្រមានកាត់បន្ថយការងារជិត ២.៥០០កន្លែង។
ក្រុមហ៊ុនផលិតឡានខ្នាតយក្សអាមេរិក Stellantis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាមួយនឹងការធ្វើបច្ចុប្បន្នភាពរថយន្ត Ram 1500 ថ្មី ក្រុមហ៊ុនគ្រោងនឹងឈប់ផលិតរថយន្ត Ram 1500 Classic នៅរោងចក្រដំឡើងរថយន្ត Warren នៃរដ្ឋ Michigan នៅត្រឹមចុងឆ្នាំ២០២៤នេះ។
ក្រុមហ៊ុនបន្តថា ខ្សែសង្វាក់ផលិតកម្មដំឡើងរថយន្តរបស់រោងចក្រនេះ ក៏នឹងត្រូវកាត់បន្ថយប្រតិបត្តិការពីពីរវេនក្នុងមួយថ្ងៃ ទៅមួយវេនក្នុងមួយថ្ងៃវិញផងដែរ ហើយនឹងផលិតតែរថយន្ត Jeep Wagoneer។
ទន្ទឹមគ្នា បុគ្គលិករហូតដល់ ២.៤៥០នាក់ ត្រូវបានគេរំពឹងថា ក៏នឹងត្រូវកាត់បន្ថយគិតចាប់ពីថ្ងៃទី៨ ខែតុលាខាងមុខនេះផងដែរ។ រោងចក្រនៅរដ្ឋ Michigan នេះ បានផលិតរថយន្ត Pick-up តាំងពីឆ្នាំ ១៩៣៨១៩៣៨ ហើយបានទទួលខុសត្រូវក្នុងការផលិតរថយន្ត Ram 1500 តាំងពីឆ្នាំ ១៩៩៣។
ក្នុងឆ្នាំ ២០១៣ Stellantis បានបន្ថែមវេនធ្វើការប្រចាំថ្ងៃដល់ទៅបីវេននៅរោងចក្រនេះ ហើយបានបង្កើតការងារថ្មីប្រហែល ១.០០០កន្លែង។ ប៉ុន្តែនៅឆ្នាំ ២០១៨ ក្រុមហ៊ុននេះបានផ្លាស់ប្តូរការផលិតរថយន្តជំនាន់ថ្មីនៃម៉ូដែល Ram 1500 ទៅកាន់ ទីក្រុងSterling Heights នៃរដ្ឋ Michiganវិញ។
Stellantis ដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃរថយន្ត Peugeot-Citroen និង Fiat-Chrysler ក្នុងឆ្នាំ ២០២១ ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនផលិតរថយន្តមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្ត “Big Three” ដែលមានមូលដ្ឋាននៅក្នុងតំបន់ Detroit រួមជាមួយនឹងក្រុមហ៊ុន Ford និង General Motors៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា