ការបង្កើនផលស្រូវទៅតាមស្តង់ដា ឬតម្រូវទីផ្សារនាំចេញ នោះងាយទទួលបានទីផ្សារលក់ចេញ និងចៀសវាងបញ្ហាប្រឈមថ្លៃដើមលើការផលិត
(ខេត្តបន្ទាយមានជ័យ)៖ ការបង្កើនផលស្រូវទៅតាមស្តង់ដា ឬតម្រូវទីផ្សារនាំចេញនោះងាយទទួលបានទីផ្សារលក់ចេញនិងចៀសវាងបញ្ហាប្រឈមថ្លៃដើមលើការផលិត លោកអភិបាលរងខេត្ត បានលើកឡើងយ៉ាងដូច្នេះ ក្នុងវេទិការសាធារណៈ នៅវត្តកណ្ដាលឃុំស្រះជីស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ។
លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានឲ្យដឹងពីប្រជាពលរដ្ឋ ទូទាំងស្រុក ៩០ភាគរយ ជាប្រជាកសិករ ហើយសរុបផ្ទៃដីបង្ករបង្កើផលបានមាន ៣៤០២៥ហិកតា និងផលស្រូវវស្សាធ្វើបានជារួមមានចំនួន៣២ ១១០ហិតា ដែលជាតួលេខនៃផ្ទៃដីបង្ករបង្កើនផលនិងផលស្រូវ វស្សានៅស្រុកភ្នំស្រុកសម្រាប់ឆ្នាំ២០២៤នេះ ។ ម្យ៉ាងទៀតទាក់ទងទៅនឹងការងារបង្ករបង្កើនផលស្រូវ ក៏ដូចជាការឆ្លើយតបតម្លៃលើទីផ្សារនាំចេញស្រូវ ថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋាន រួមជាមួយអាជ្ញាធរ បានកំពុងធ្វើការផ្សព្វផ្សាយ និងរៀបចំចងក្រងសហគមន៍កសិករ ដោយរដ្ឋទម្លាក់នូវថវិកាមួយចំនួនរួមចំណែកជួយដល់សហគមន៍នេះសម្រាប់ការផលិតនិងរក្សាស្ថេរភាពតម្លៃទីផ្សា។
លោកអភិបាលស្រុកភ្នំស្រុក បានលើកឡើងពីសក្ដានុពលរបស់ស្រុក ដីមានជីជាតិនិងមានប្រភពទឹកធំមួយគឺអាងទឹកត្រពាំងថ្មដែលផ្ទុកទឹកបាន ១៨០លានម៉ែត្រគូប ។ អាងនេះកសាងឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា ហើយបានផ្ដល់ទឹកប្រើប្រាស់ និងការងារកសិកម្ម ជាមួយប្រព័ន្ធធារាសាស្ត្រតូចធំ កសាងដោយក្រសួងធនធានទឹកនិងឧតុនិយម ។ ស្រុកភ្នំស្រុក មានសក្ដានុពលលើវិស័យកសិកម្មដំណាំស្រូវ ក្នុងខេត្តបន្ទាយមានជ័យ ៕
ដោយ ៖ គៀន ច័ន្ទហ៊ីន