បេក្ខជន ៤,៣២១នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ ក្នុងវិញ្ញាសាសរសេរលើកទី១ នឹងត្រូវចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរ លើកទី២
ភ្នំពេញ៖ មិនខុសពីសព្វដងទេ មុនការប្រឡងប្រជែងមួយថ្ងៃ គ្រប់គណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងក្រុមការងារពាក់ព័ន្ធ តែងតែចុះពិនិត្យមណ្ឌលប្រឡងដោយផ្ទាល់។ ជាក់ស្តែងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមគ្នាក្នុងពេលតែមួយ។
នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែចុះពិនិត្យស្ថានភាពទូទៅ និងទីតាំងផ្សេងៗទៀតនៅមណ្ឌលប្រឡងទាំង២ ដើម្បីធានាថា ការប្រឡងប្រជែង ប្រព្រឹត្តទៅបានរលូន និងស្របទៅតាមគោលការណ៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសមន្ត្រីរាជការ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមនិយាមនីតិវិធីជ្រើសរើសមន្ត្រីរាជការស៊ីវិល។
ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនពរដល់បេក្ខជនទាំងអស់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងសូមរក្សាសុខភាពឱ្យបានល្អ ព្រមទាំងត្រៀមខ្លួនចូលរួមប្រឡងដោយអនុវត្តន៍តាមបទប្បញ្ញត្តិ និងការណែនាំរបស់ការប្រឡងប្រជែងឱ្យបានគ្រប់ៗគ្នា៕
ដោយ ៖ ង៉ាន់ ទិត្យ