ប្រពៃណីសុំទឹកភ្លៀងអ្នកស្រុកនៅឃុំបន្ទាយឆ្មារខេត្តបន្ទាយមានជ័យលើកគ្នាធ្វើពិធីហែរ”នាងមៀវ”(ឆ្មារ)ដើម្បីសុំទឹកភ្លៀវព្រោះរាំងស្ងួតពេក

បន្ទាយមានជ័យ៖ អ្នកស្រុកនៅឃុំបន្ទាយឆ្មារខេត្តបន្ទាយមានជ័យ លើកគ្នាធ្វើពិធីហែរ”នាងមៀវ” (ដង្ហែរឆ្មាដាក់ក្នុងទ្រូ) ដើម្បីសុំទឹកភ្លៀងស្រោចស្រពដំណាំកសិកម្ម និងទឹកប្រើប្រាស់ប្រចាំថ្ងៃ ។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ។ ពីធីបែបនេះតែងនិយមធ្វើដែរស្ទើររៀងរាល់ឆ្នាំភូមិឯទៀតក្នុងស្រុកខ្លះក្នុងខេត្តនេះ ,ខេត្តឧត្តរមានជ័យ ។

បើតាមមន្ត្រីរដ្ឋបាលស្រុកថ្មពួកនិងអ្នករៀបចំនៅឃុំបន្ទាយឆ្មារបានអោយដឹង ថា នេះជាទំនៀមទម្លាប់របស់ប្រជាកសិករខ្មែរនៅទីនេះ និងស្រុកជុំវិញ ដែលមានពីដើមរៀងមក គឺនៅពេលអាកាសធាតុក្តៅខ្លាំង មេឃរាំង ឬអត់មានភ្លៀងធ្លាក់នៅរដូវវស្សា គេតែងតែរៀបចំពិធីហែរនាងមៀវ ឬម៉ែវ ឬសត្វឆ្មារ ដើម្បីសុំទឹកភ្លៀង ។

ប្រជាពលរដ្ឋរស់នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីដង្ហែរនាងមៀវ គឺដង្ហែរឆ្មាដាក់ក្នុងទ្រូដើរកាត់ភូមិជាមួយនឹងការរាំច្រៀង ការប្រកូកប្រកាស បួងសួងសុំព្រះភិរុណ ព្រះគង្គារអោយបង្អុរទឹកភ្លៀងមកច្រើនៗ។ ពិធីសុំទឹកភ្លៀង ពីដើមគេហែដំរី តែភូមិសាស្ត្រពុំមាន ទើបអ្នកភូមិនាំគ្នាចាប់សត្វឆ្មារដាក់ក្នុងទ្រុង ឬទ្រូ ហើយជះបាចទឹកចូលឱ្យវាទទឹក រងារញ័រញាក់ ហើយស្រែកយំឱ្យឮគ្រលួចឡើងទៅដល់អាទិភាពដើម្បីសុំទឹកភ្លៀង ។

ប្រភពខាងលើឱ្យដឹងបន្តថា ៖ ពិធីដូចគ្នានេះ នៅតំបន់ខ្លះគេធ្វើពិធីសូត្រធម៌ព្រលែងត្រីផ្ទក់ បន់ស្រន់សុំទឹកភ្លៀងពីម្ចាស់ទឹម្ចាស់ដី អ្នកតា ក៏ដូចជាវត្ថុសក្តិដែលមាននៅលើភូមិសាស្ត្ររបស់ខ្លួន ។

អ្នកស្រុកបានអះអាងថា ៖ កន្លងមក ពេលជួបគ្រោះរាំងស្ងួតពេក ហើយក្តៅហួតហែងបង្កខូចខាតផលដំណាំ និងខ្វះទឹកផឹក អ្នកស្រុកតែងតែធ្វើពិធីបន់ស្រន់ ហែរនាងមៀវ,ព្រលែងត្រីផ្ទក់សុំទឹកភ្លៀង ហើយបានលទ្ធផល និងសក្តិសិទ្ធិផងដែរ ។ ដូចកាលពីម្សិលមិញ ពេលពិធីហែរចប់ ដល់ល្ងាចក៏ភ្លៀង១មេល្មមបានទឹកស្រោចស្របដំណាំបន្លែ ចម្ការនិងដំណាំស្រូវ ៕

ដោយ ៖ ឃិន គន្ធា

ads banner