រអិលបាក់ដីនៅទីតាំងចាក់សំរាមនៅអ៊ូហ្គង់ដា សម្លាប់មនុស្ស ១៩នាក់ ក្នុងនោះកុមារ ៥នាក់
កំប៉ាឡា៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១៩នាក់ រួមទាំងកុមារ ៥នាក់បានស្លាប់ បន្ទាប់ពីហេតុការណ៍រអិលបាក់ដីនៅឯទីតាំងចាក់សំរាមដ៏ធំនៅក្នុងរដ្ឋធានីកំប៉ាឡា របស់ប្រទេសអ៊ូហ្គង់ដា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ូហ្គង់ដាបានរាយការណ៍ថា លំនៅដ្ឋាន ប្រជាជន និងសត្វពាហនៈជាច្រើនបានកប់ក្រោមភ្នំសំរាម នៅឯទីតាំងចោលកាកសំណល់ដ៏ធំមួយនៅរដ្ឋធានីកំប៉ាឡា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីការរអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
អាជ្ញាធរក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់មានចំនួន ១៩នាក់ ក្នុងនោះមានកុមារ ៥នាក់។
បេសកកម្មជួយសង្គ្រោះកំពុងបន្ត ប៉ុន្តែមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត។ អាជ្ញាធរមូលដ្ឋានកំពុងបង្កើតជម្រកបណ្ដោះអាសន្ន សម្រាប់ជនរងគ្រោះ។ ភ្លាមៗ ប្រធានាធិបតីអ៊ូហ្គង់ដា លោក Yoweri Museveni បាននិយាយថា លោកបានដឹកនាំកងកម្លាំងពិសេស ចុះជួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ហើយបានទាមទារឱ្យស្វែងរកអ្នកណាដែលអនុញ្ញាតឱ្យមនុស្សរស់នៅក្បែរទីតាំង ដែលអាចមានហានិភ័យ និងគ្រោះថ្នាក់បែបនេះ។ ប៉ុន្តែអាជ្ញាធរបានស្តីបន្ទោសប្រជាជនមួយចំនួន ដែលបានផ្តួលរលំបង្គោលរបងនៅទីតាំងកើតហេតុ ដើម្បីតាំងទីលំនៅ ទើបបង្កឱ្យមានមនុស្សបាត់បង់ជីវិតច្រើនក្នុងគ្រោះថ្នាក់នេះ។
ទោះបីជាយ៉ាងណា ប្រធានាធិបតីអ៊ូហ្គង់ថា លោក Museveni បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកបានបញ្ជាឱ្យបង់ប្រាក់សំណងទៅឱ្យគ្រួសារជនរងគ្រោះចំនួន ១.៣០០ដុល្លារ សម្រាប់អ្នកស្លាប់ម្នាក់ៗ និង ២៧០ដុល្លារ សម្រាប់អ្នករងរបួសម្នាក់ៗ។ ហើយលោក Museveni ក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតថាតើហេតុអ្វីបានប្រជាជនត្រូវបានអនុញ្ញាតឱ្យរស់នៅជិតទីតាំងកើតហេតុ និងបានបញ្ជាឱ្យជម្លៀសខ្លួនប្រជាជនរស់នៅក្នុងតំបន់គ្រោះថ្នាក់នេះទាំងអស់។
គួរបញ្ជាក់ថា ទីតាំងចាក់សំរាមនេះ មានទំហំដល់ទៅ ១៤ហិកតា បង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ហើយសំរាមស្ទើរតែទាំងអស់ គឺប្រមូលមកពីនៅទូទាំងរដ្ឋធានី កំប៉ាឡា នៃប្រទេសអ៊ូហ្គង់ដា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា