ក្រិកជម្លៀសមនុស្សរាប់ពាន់នាក់ពីភ្លើងឆេះព្រៃដ៏កំណាច
អាថែន៖ ប្រទេសក្រិច កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបន្ទាន់ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏កំណាច។
ស្របពេលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងដុតដៃដុតជើងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ “គ្រោះថ្នាក់” នៅជិតទីក្រុងអាថែន កាលពីយប់ថ្ងៃអាទិត្យ រដ្ឋាភិបាលក្រិកបានបញ្ជាឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបន្ទាន់។
សេវាសង្គ្រោះបន្ទាន់បានចេញបញ្ជាជម្លៀសខ្លួនប្រជាជននៅតាមបណ្តាទីក្រុងជាច្រើន ក្នុងនោះរួមទាំងទីតាំងប្រវត្តិសាស្ត្រម៉ារ៉ាតុងផងដែរ។ គិតត្រឹមរសៀលថ្ងៃអាទិត្យម្សិលមិញ អ្នកពន្លត់អគ្គីភ័យបានដោះស្រាយភ្លើងឆេះចំនួន ៣៣កន្លែង ក្នុងចំណោម ៤០កន្លែង យ៉ាងឆាប់រហ័សក្នុងរយៈពេល ២៤ម៉ោង នេះបើតាមអ្នកនាំពាក្យរបស់កងពន្លត់អគ្គីភ័យបានប្រាប់សារព័ត៌មាននៅក្នុងសន្និសីទបន្ទាន់មួយ។
អ្នកពន្លត់អគ្គិភ័យជាង ៤០០នាក់ គាំទ្រដោយរថយន្ត ១១០គ្រឿង យន្តហោះពន្លត់អគ្គីភ័យ ២៩គ្រឿង រួមទាំងឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធនឹងអណ្តាតភ្លើង ដែល ក្នុងករណីជាច្រើនបានឡើងដល់កម្ពស់ជាង ២៥ ម៉ែត្រ។ នាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis បានកាត់បន្ថយថ្ងៃឈប់សម្រាករបស់គាត់ ហើយបានត្រឡប់ទៅរដ្ឋធានីអាថែនវិញនៅល្ងាចថ្ងៃអាទិត្យ ដើម្បីដោះស្រាយវិបត្តិភ្លើងឆេះព្រៃ។
បន្ទាប់ពីជួបប្រទះរដូវរងាតែបែរជាមានសីតុណ្ហភាពក្តៅ បំផុត ក្នុង កំណត់ត្រា ប្រទេសក្រិកក៏បានប្រឈម នឹង ខែ មិថុនា និងខែកក្កដា ដែលជាខែក្តៅ បំផុត ចាប់ តាំង ពី ការ ប្រមូល ទិន្នន័យបាន ចាប់ ផ្តើម ក្នុង ឆ្នាំ ១៩៦០។ ជាក់ស្តែង ភ្លើងឆេះព្រៃរាប់រយកន្លែងបានឆាបឆេះឡើងនៅទូទាំងប្រទេសក្រិក។ អ្នកវិទ្យាសាស្ត្រព្រមានថា ការបំភាយឥន្ធនៈហ្វូស៊ីលដែលបង្កឡើងដោយមនុស្ស កំពុងធ្វើឱ្យរលកកំដៅនៅទូទាំងពិភពលោកកាន់តែអាក្រក់ទៅៗ៕
ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា