អត្រាគ្មានការងារធ្វើរបស់យុវជនទូទាំងពិភពលោក ធ្លាក់ទាបបំផុតលើកដំបូងក្នុងពេល ១៥ឆ្នាំ
ហ្សឺណែវ: អង្គការពលកម្មអន្តរជាតិ (ILO) បានឱ្យដឹងថា អត្រាគ្មានការងារធ្វើរបស់យុវជនទូទាំងពិភពលោកកាលពីឆ្នាំ២០២៣ បានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ១៥ឆ្នាំ។
អង្គការពលកម្មអន្តរជាតិ (ILO) បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃចន្ទនេះថា អត្រាគ្មានការងារធ្វើរបស់យុវជនទូទាំងពិភពលោកកាលពីឆ្នាំមុន បានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ១៥ឆ្នាំ។ ហើយវាត្រូវបានគេព្យាករថា នឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ឆ្នាំ២០២៥។
អង្គការ ILO បាននិយាយថា មនុស្សចំនួន ៦៤.៩លាននាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំនៅទូទាំងពិភពលោក គ្មានការងារធ្វើកាលពីឆ្នាំ២០២៣ ឈរនៅតួលេខ ១៣ភាគរយ ហើយវាបានព្យាករណ៍ថា នឹងថយចុះបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំបន្ទាប់ នៅត្រឹម ១២.៨ភាគរយក្នុងឆ្នាំ ២០២៤ និង ២០២៥។
មូលហេតុដែលនាំឱ្យអត្រាគ្មានការងារធ្វើរបស់យុវជនទូទាំងពិភពលោកធ្លាក់ចុះ គឺដោយសារតែអត្រាកំណើនសេដ្ឋកិច្ចដ៏រឹងមាំបានកែលម្អទីផ្សារការងារសកល ដែលជំរុញឱ្យមានតម្រូវការសម្រាប់កម្លាំងពលកម្មយុវជន នេះបើតាមការបញ្ជាក់របស់អង្គការ ILO។
ទោះបីជាយ៉ាងណា អង្គការ ILO ក៏បានគូសបញ្ជាក់ដែរថា សម្រាប់យុវជននៅក្នុងរដ្ឋអារ៉ាប់ អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ព្រមទាំងប៉ាស៊ីហ្វិក អត្រាគ្មានការងារធ្វើរបស់យុវជននៅតែមានកម្រិតខ្ពស់នៅឡើយគិតត្រឹមឆ្នាំ២០២៣ បើធៀបនឹឆ្នាំ ២០១៩៕
ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា