អភិបាលខេត្តកំពង់ធំប្តេជ្ញាចិត្តបន្តអនុវត្ត គាំទ្រ មើលថែ ដោះស្រាយជីវភាពជូនអតីតយុទ្ធនៅទូទាំងខេត្តកំពង់ធំ
កំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តដែលត្រូវបានប្រកាសជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្តេជ្ញាចិត្តបន្តអនុវត្ត គាំទ្រ មើលថែ ដោះស្រាយជីវភាពជូនអតីតយុទ្ធនៅទូទាំងខេត្តកំពង់ធំឱ្យបានល្អប្រសើរ ។
ការបញ្ជាក់របស់ឯកឧត្តម នួន ផារ័ត្ន ដូច្នេះ ក្នុងពិធីប្រកាសតែងតាំង និងប្រគល់សេចក្តីសម្រេច ជូនឯកឧត្តម នួន ផារ័ត្ន ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ , ឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត និងលោក ជួន សិលាវិត ប្រធានមូលនិធិជំនួយសង្គម នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្តកំពង់ធំ ត្រូវបានតែងតាំង ជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាន។
តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអនុវត្តកន្លងមកដូចជា ការសាងសង់ផ្ទះជូនអតីតយុទ្ទជន ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចំនួន ៣៨៧ខ្នងផ្ទះ ក្នុងនោះមាន ១៤១ខ្នង រស់នៅលើដីសម្បទានសង្គមកិច្ច បានផ្តល់ជូនផ្ទះមួយខ្នង ផ្ទៃដីមួយហិកតាកន្លះ និងចំនួន ២៤៦ខ្នងផ្ទះទៀត នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ, បានប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន ដែលទទួលមរណភាព បានទាន់ពេលវេលា សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ក្នុងការប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ជូនក្រុមគ្រួសារសព អតីតយុទ្ទជននៅក្នុងខេត្តកំពង់ធំ និងបានឧបត្ដម្ភស្បៀងអារហារ គ្រឿងឧបភោគបរិភោគ ជាអំណយមនុស្សធម៌របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ជូនដល់ បងប្អូនអតីតយុទ្ទជន ដែលមានជីភាពលំបាកខ្ខះខាត នៅក្នុងខេត្តកំពង់ធំ ។
ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងកោតសរសើរ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពិសេស ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាម ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការដោះស្រាយការលំបាកខ្វះខាត បម្រើអតីតយុទ្ធជន និងបានប្រគល់ភារកិច្ច ជូនប្រធានកិត្តិយស និងគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវបន្តបម្រើបងប្អូន អតីតយុទ្ធជនរបស់យើង ទាំងការដោះស្រាយបញ្ហាដីធ្លី ផ្ទះសម្បែង និងការដោះស្រាយប័ណ្ណសមធម៌ និងបណ្ណគ្រួសារ ងាយរងហានិភ័យ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត ដើម្បីបានទៅពិនិត្យព្យាបាលជំងឺ នៅតាមមន្ទីពេទ្យរដ្ឋនានា ដែលរាជរដ្ឋាភិបាល ជាអ្នកចំណាយថវិកាថ្លៃព្យាបាលជំងឺជូន ៕
ដោយ៖ ប៊ុន រដ្ឋា