ពីឡុតម្នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រលើដំបូលសណ្ឋាគារនៅអូស្ត្រាលី

កង់បេរ៉ា៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់លើដំបូលសណ្ឋាគារ Hilton បណ្តាលឱ្យពីឡុតម្នាក់បាត់បង់ជីវិត និងបង្ខំឱ្យមានការជម្លៀសភ្ញៀវស្នាក់នៅក្នុងសណ្ឋាគាររាប់រយនាក់ជាបន្ទាន់។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន AFP នៅថ្ងៃចន្ទទី១២ ខែសីហា ឆ្នាំ២០២៤។

Read. ហេតុការណ៍ឧទ្ធម្ភាគចក្រនេះកើតឡើងនៅទីក្រុង Cairns ភាគខាងជើងរដ្ឋ Queensland ប្រទេសអូស្រ្តាលី នៅម៉ោង ១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី១២ ខែសីហានេះ បណ្តាលឱ្យពីឡុតម្នាក់ស្លាប់។

អង្គភាពប៉ូលិសរដ្ឋ Queensland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពីឡុតម្នាក់ដែលបញ្ជា និងជិះនៅលើឧទ្ធម្ភាគចក្រនេះមានតែម្នាក់ឯងប៉ុណ្ណោះ ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅកន្លែងកើតហេតុ ហើយការធ្វើកោសល្យវិច្ច័យកំពុងដំណើរការ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះជាផ្លូវការ។

នៅក្នុងគ្រោះថ្នាក់នេះដែរ ភ្ញៀវ២នាក់ដែលម្នាក់ជាបុរសវ័យ៨០ឆ្នាំ និងម្នាក់ទៀតជាស្រ្តីវ័យ៧០ឆ្នាំបានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅពេលគេឃើញស្លាបចក្រឧទ្ធម្ភាគចក្របាក់ធ្លាក់ចូលក្នុងអាងទឹកសណ្ឋាគារ។ ទន្ទឹមគ្នា ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី បានបញ្ជាក់ថា ពួកគេបានបញ្ជូនអ្នកស៊ើបអង្កេតទៅកន្លែងកើតហេតុ ដើម្បីរកមូលហេតុនៅពីក្រោយករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ។

ទីក្រុង Cairns គឺជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ពេញនិយមមួយរបស់ប្រទេសអូស្រ្តាលី ដោយសារតែវត្តមានតំបន់ផ្កាថ្មប៉ះប្រះទឹក Great Barrier Reef ដែលជាប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក និង ជីវចម្រុះបំផុតមួយនៅលើពិភពលោក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner