ក្រុម Hezbollah បាញ់រ៉ុក្តែតប្រហែល ៣០គ្រាប់ចូលទឹកដីអ៊ីស្រាអែល ខណៈអ៊ីរ៉ង់ក៏គំរាមវាយលុកអ៊ីស្រាអែល

បេរូត៖ ក្រុម Hezbollah បានបាញ់ផ្លោងរ៉ុក្កែតប្រហែល ៣០គ្រាប់ឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃអាទិត្យទី១១ ខែសីហានេះ ខណៈដែលកងកម្លាំងអ៊ីស្រាអែលកំពុងប្រុងជើងការកម្រិតខ្ពស់ ទប់ទល់នឹងការសងសឹករបស់អ៊ីរ៉ង់ និងពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីការធ្វើឃាតមេដឹកនាំនយោបាយក្រុមហាម៉ាសកាលពីខែមុន។

ក្រុមសកម្មប្រយុទ្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារចុងក្រោយនេះ ពីសំណាក់ក្រុម Hezbollah salvo ដើម្បីបង្ហាញពីការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និង ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។

ការវាយលុករបស់ក្រុម Hezbollah នេះដែរ កើតឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Ma’aroub ភាគខាងត្បូងប្រទេសលីបង់ បានធ្វើឱ្យមនុស្សចំនួន ១២នាក់រងរបួស ក្នុងនោះមានកុមារចំនួន ៦នាក់។

ដោយឡែក កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា គ្រាប់រ៉ុក្កែតប្រហែល ៣០គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចូលទឹកដីប្រទេសអ៊ីស្រាអែល ប៉ុន្តែជាសំណាងល្អ មិនមានសេចក្តីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ។

កាលពីថ្ងៃអាទិត្យ កងកម្លាំង IDF ក៏បានគូសបញ្ជាក់ដែរថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ខណៈមានការព្រួយបារម្ភថា អាចនឹងមានការឆ្លើយតបផ្នែកយោធាពីសំណាក់កងកម្លាំងអ៊ីរ៉ង់ ដើម្បីសងសឹកការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ក្នុងរដ្ឋធានីតេហេរ៉ង់កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ស្របពេលជាមួយគ្នានេះដែរ អ្នកសម្រុះសម្រួលក្នុងកិច្ចចរចាបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងធ្វើការជំរុញសាជាថ្មីម្តងទៀត ដើម្បីនាំភាគីជម្លោះទៅកាន់តុចរចានៅក្នុងសប្តាហ៍នេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ជម្លោះនេះអាចនឹងឈានដល់ការផ្ទុះសង្គ្រាមក្នុងតំបន់៕

ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner