ខេត្តរតនគិរីជាខេត្តភាគឦសាន ត្រូវបានប្រកាសជាខេត្តបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល
រតនគិរី៖ខេត្តរតនគិរីបានទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្នុងកម្មវិធីប្រកាសផ្លូវការកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីធ្លានៃមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្តរតនគិរី ។ពិធីនេះមានការអញ្ជើញចូលរួ មពីមន្រ្តីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ថ្នាក់ដឹកនាំខេត្តរតនគិរី ភ្ញៀវជាតិ និង អន្តរជាតិ កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ អង្គការដៃគូ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធ យុវជន កម្ពុជាយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនរបស់ខេត្តរតនគិរី ។ពិសេស ជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ឯកឧត្តមបន្តថាសមិទ្ធផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងបច្ចុប្បន្នត្រូវបានបន្តវេនដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសមានដែលប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ឆាយ ប្ញទ្ធីសែន បន្តថា ដើម្បីចូលរួមសម្រេចឱ្យបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍បានដាក់ចេញនៅអាទិភាពគន្លឹះចំនួន៤ ដែលរួមមានៈ (១) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវត្ត និងគមនាគមន៍, (២) ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, (៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង(៤) ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។អាទិភាពទាំងបួននេះគឺសំដៅលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទឲ្យរស់នៅប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។
ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងរស់នៅក្រៅប្រទេស សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លើគម្រោង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ស្ថិតក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជា។
សូមជម្រាបថា ខេត្តរតនគិរីជាខេត្តទី៩ ហើយដែលបានធ្វើពិធីប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ខេត្តចំនួន៨ ដែលបានបញ្ចប់រួចមកហើយមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។ ក្នុងផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តចំនួនបួនថ្មីបន្ថែមទៀត នឹងទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោមបង់ពាសវាលពាសកាលដែលធ្វើឱ្យចំនួនខេត្ត ODF កើនរហូតដល់ចំនួន ១៣ ខេត្ត ក្នុងចំណោម ២៥ រាជធានី ខេត្ត នៅទូទាំងប្រទេស៕
ដោយ៖គតិយុត្ត