ជប៉ុនលុបចោលជើងហោះហើររាប់សិប ខណៈព្យុះត្រូពិក Maria បង្កព្យុះភ្លៀងបំបែកកំណត់ត្រា

តូក្យូ៖ ព្យុះត្រូពិច Maria បានវាយប្រហារភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បង្កជាភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងតំបន់មួយចំនួន ចាប់តាំងពីកំណត់ត្រាបានបង្កើតឡើង និងបានបង្ខំឱ្យលុបចោលជើងហោះហើររាប់សិបជើង។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះត្រូពិច Maria បានបក់បោកទៅដល់ប្រទេសជប៉ុន នៅម៉ោងប្រហែល៨និង៣០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) នៅជិតទីក្រុង Ofunato ក្នុងខេត្ត Iwate។ រដ្ឋាភិបាលខេត្ត Iwate បានឱ្យដឹងថា គិតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នករងរបួស ឬការខូចខាតរចនាសម្ព័ន្ធធ្ងន់ធ្ងរនោះទេ។

ប៉ុន្តែសាលាក្រុងក្នុងតំបន់បានចេញសេចក្តីណែនាំអំពីការជម្លៀស និងព្រមានដល់អ្នកស្រុកប្រហែល ៣១៥.០០០នាក់ឱ្យបង្កើនការប្រុងប្រយ័ត្ន ខណៈមនុស្សប្រហែល ២.០០០នាក់បានចំណាយពេលមួយយប់ស្នាក់នៅជម្រកបណ្តោះអាសន្ន។

ព្យុះត្រូពិច Maria បានទម្លាក់ភ្លៀងមានកម្ពស់ជាង ៣សង់ទីម៉ែត្រក្នុងរយៈពេល ២៤ម៉ោងគិតត្រឹមព្រឹកថ្ងៃចន្ទ នៅក្នុងទីក្រុង Kuji ដែលជាចំនួនច្រើនបំផុតចាប់តាំងពីទីភ្នាក់ងារឧតុនិយមជប៉ុន បានចាប់ផ្តើមរក្សាកំណត់ត្រាក្នុងឆ្នាំ១៩៧៨។
ក្រុមហ៊ុន Tohoku Electric Power បានឲ្យដឹងថា លំនៅដ្ឋានប្រជាជនប្រមាណ ៣០០គ្រួសារ ក្នុងខេត្ត Iwate បានដាច់អគ្គិសនីប្រើប្រាស់នៅរសៀលថ្ងៃចន្ទ។

នៅថ្ងៃចន្ទដដែល ព្យុះត្រូពិច Maria បានធ្វើដំណើរឆ្លងកាត់ទីក្រុង Hanamaki នៃខេត្ត Iwate ជាមួយនឹងកម្លាំងខ្យល់បក់បោកដល់ទៅ ១០៨គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ខ្លួនបានលុបចោលជើងហោះហើរក្នុងស្រុកចំនួន៧៨ជើង ធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរចំនួន ៧.០៣៩នាក់ ខណៈដែលសេវារថភ្លើងក្នុងតំបន់មួយចំនួនក៏បានផ្អាកសេវាកម្មផងដែរ។

ព្យុះត្រូពិចនេះដែរ ត្រូវបានគេរំពឹងថា នឹងឆ្លងកាត់ប្រទេសជប៉ុន ហើយឆ្ពោះទៅសមុទ្រជប៉ុននៅល្ងាចថ្ងៃចន្ទ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យអាកាសធាតុភពផែនដីកាន់តែធ្ងន់ធ្ងរទៅៗ មានដូចជាភ្លៀងធ្លាក់ខ្លាំង និងព្យុះត្រូពិចកាន់តែញឹកញាប់ និងខ្លាំងក្លាជាងមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner