រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋាករទឹកស្វយ័តស្ទោង/តាំងក្រសាំង
កំពង់ធំ៖ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋាករទឹកស្វយ័តស្ទោង/តាំងក្រសាំង ត្រូវមានឥរិយាបថទន់ភ្លន់។ការណែនាំនេះក្នុងឱកាស ប្រកាសផ្ទេរនិងតែងតាំងមុខតំណែង អគ្គនាយករដ្ឋាករទឹកស្ទោង តាំងក្រសាំងនៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
លោកស្រី ឡេង សុភា ត្រូវបានប្រកាសចូលកាន់តំណែងអគ្គនាយករដ្ឋាករទឹកស្ទោង តាំងក្រសាំង។បញ្ជាក់ទៅកាន់អគ្គនាយកថ្មី ឯកឧត្តមបន្តថា ត្រូវមានគណនេយ្យភាព ជាមួយអាណាព្យាបាល ដែលមានក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេដ្ឋកិច្ចនិងហិរញ្ញ ។ផែនការមេនិងគំនិតអភិវឌ្ឍន៍ថ្មីៗ ក្នុងការបង្កើននិងពង្រីកតំណថ្មីៗបន្ថែមទៀត រោងចក្រផលិតកម្មថ្មី ក៏ដូចជាការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ប្រកបដោយគុណភាព, ដល់គ្រប់ក្រុមគ្រួសារនិងតាមផ្ទះ។
ឯកឧត្តមបន្តថា ប្រតិបត្តិករទឹកស្អាតឯកជន គឺជាការផ្ទេរសិទ្ធិជូនឯកជនក្នុងការ រួមចំណែកអភិវឌ្ឍន៍និងជាដៃគូផ្តល់សេវាផ្គត់ផ្គងទឹកស្អាតជូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ឱ្យបានគ្រប់គ្រាន់ជាពិសេសនៅតាមជនបទនិងប្រកបដោយប្រសិទ្ធភាព។
លោកស្រី ឡេង សុភា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំអង្គភាពរដ្ឋាករទឹកស្វយ័តស្ទោង តាំងក្រសាំង ឱ្យមានការរីកចម្រើន មានទំនួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងនិងបង្កើនផលិតកម្មទឹកស្អាតថ្មីៗថែមទៀតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ៕
ដោយ៖ប៊ុនរដ្ឋា