អាណាព្យាបាលបង្ហាញការគាំទ្រការរឹតបន្តឹងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា
(ភ្នំពេញ)៖ អាណាព្យាបាលបេក្ខជនចូលរួមប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាបានបង្ហាញការគាំទ្រ ចំពោះការរឹតបន្តឹងការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ដោយពួកគាត់គិតថា និងជួយឱ្យធនធានគ្រូកាន់តែមានគុណភាព។ នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៤ ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាទូទាំងប្រទេស ដែលជាការប្រឡើងវគ្គចុងក្រោយ ដើម្បីសម្រាំងជ្រើសរើសយកបេក្ខជន ឱ្យចូលបំរើរការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា គឺបានដំណើរ ក្រោមការចូលរួមកាត់វិញ្ញាសា ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធរណៈ។
ការប្រឡងប្រជែងជ្រើសរើសលើកទី២នេះ គឺមានបេក្ខជនជាប់ពីការប្រឡងជ្រើសរើសដំណាក់កាលទី១ កាលពីថ្ងៃទី២៦ ខែ កក្តដា ឆ្នាំ២០២៤ ចំនួន៤៣២១នាក់ នឹងសម្រាំងជ្រើសរើសយកតែបេក្ខជនចំនួន១៣៤៧ ដើម្បីចូលបំរើរការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជននិងកីឡា។
ជុំវិញការប្រឡងប្រជែងជ្រើសរើសលើកទី២នេះ អាណាព្យាបាល លោក ឆោ លី ស្រ៊ុន មកពីខេត្តកណ្តាល និង លោក ផាត់ ខាំសា មកពីខេត្តស្ទឹងត្រែង បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះការរឹតបន្តឹងសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា។ លោកថា ការរឹតបន្តឹងបែបនេះ គឺមានភាពយុត្តិធម៌សម្រាប់បេក្ខជនអ្នកមានសមត្ថភាពគឺជាប់ក្នុងការប្រឡង។
លោក អះអាងទៀតថា ការរឹតបន្តឹងបែបនេះ នឹងជួយឱ្យគ្រូនៅពេលអនាគតមានគុណភាពល្អ នឹងជួយបង្កើតបាននូវធនធានមនុស្សល្អៗបានកាន់តែច្រើនជួយឱ្យសង្គមជាតិកាន់តែវិឌ្ឍរីកចំរើន។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាលើកទី២ ដែលដំណើរនៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៤នេះ មានបេក្ខជនដែលជាប់ពីការប្រឡងលើកទី១ កាលពីថ្ងៃទី២៦ ខែ កក្តដា ចំនួន៤៣២១នាក់ចូលរួម ដោយចែកចេញជាពីរមណ្ឌល គឺនៅសាលាភូមិន្ទរដ្ឋបាល និង សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
សូមរឹកថា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា មាន បេក្ខជនដាក់ ពាក្យចូលរួមប្រឡងចំនួន៣៨១៦៨នាក់ ដោយការប្រឡងលើកទី១ កាលពីថ្ងៃទី២៦ កក្តដា ឆ្នាំ២០២៤ សម្រាំងយក៤៣២១នាក់ និងការប្រឡង លើកទី២ នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៤ សម្រាំងយក១៣៤៧ ដើម្បីចូលបំរើរការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជននិងកីឡា៕
រូបភាព ជីម ភារ៉ា ជាវ ចន្ធូ អត្ថបទ៖ជាវ ចន្ធូ