ដាំកូនឈើប្រណិតចម្រុះបីពាន់ដើមនៅគូទឹកប្រាសាទនាសម័យអង្គរ
បន្ទាយមានជ័យ៖លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកនាំអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងមានការនិមន្តចូលរួមពីព្រះសង្ឃផង ដាំកូនឈើប្រណិតចម្រុះចំនួនបីពាន់ដើម នៅគូទឹកប្រាសាទស្ថិត ក្នុងស្រុកភ្នំស្រុក ខេត្តន្ទាយមានជ័យ ។ទីនោះជាទឹកដីអតីតតំបន់ចល័តពលសេនារបស់ព្រះរាជាខ្មែរ នាសម័យអង្គរ ។

ក្នុងសកម្មភាពការដាំកូនឈើចម្រុះកាលពីថ្ងៃទី១២ ខែសីហាឆ្នាំ ២០២៤ នេះ លោក ឃ្លោក នួយ បានបញ្ជាក់ថា ការដាំកូនឈើនាពេលនេះ គឺជាអនុវត្តគោលដៅនៃការដាំកូនឈើចម្រុះឱ្យបានកាន់តែច្រើនឡើងតាមទីវត្តអារាម សាលារៀន សួនសាធារណៈ ភូមិឋាននិងរមណីយដ្ឋាន តំបន់ប្រាសាទបុរាណនៅគ្រប់បណ្ដាក្រុង ស្រុកទូទាំងខេត្ត។ លោកបន្តថា ចលនាដាំកូនឈើបាននិងកំពុងបន្តដាំបានរាប់ពាន់ដើមរួចមកហើយ។

តំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកភ្នំស្រុក បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយដោយចូលរួមការដាំកូនឈើឱកាសនេះ ។
លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានឱ្យដឹងថា កន្លែងដែលដាំកូនឈើនេះ ពីអតីតកាលជាតំបន់ចល័តពលទាហានរបស់ព្រះរាជាខ្មែរតាមផ្លូវនិងស្ពានបុរាណកាត់តាមស្រុកភ្នំស្រុកទៅកាន់ខេត្តសៀមរាប នាសម័យអង្គរ៕
ដោយ ៖គៀន ច័ន្ទហ៊ីន



