ផ្អើឆោលឡោ យន្តហោះសិង្ហបុរីហុយផ្សែង ពេលចុះចត
បរទេស៖ នៅថ្ងៃចន្ទនេះ យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ឬ Singapore Airlines ក្នុងពេលចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Narita របស់ប្រទេសជប៉ុន ស្រាប់តែមាន ផ្សែងពណ៌ស លេចចេញពីម៉ាស៊ីនយន្តហោះ មួយគ្រឿងនេះ បង្កការផ្អើឆោលឡោ ពេញព្រលាន។
ឧបករណ៍ពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះ ជាច្រើន គ្រឿងបានប្រញាប់ប្រញាល់ ទៅកាន់កន្លែងកើតហេតុ ភ្លាមៗ បន្ទាប់ពីជើងហោះហើរ SQ638 បានចុះចត។ ប៉ុន្តែ ជាង១ម៉ោង ក្រោយមក
ក្រុមអ្នកពន្លត់អគ្គិភ័យបានចាកចេញពីកន្លែងកើតហេតុវិញ បន្ទាប់ពីបានសង្កេតនិងតាមដានបានដឹងថា មិនមានសញ្ញា នៃភ្លើងឆេះ។
ផ្លូវរត់ Runway B របស់អាកាសយានដ្ឋាន ត្រូវបិទជាបណ្ដោះអាសន្ន ទោះបីជាអ្នកឆ្លើយឆ្លងព័ត៌មាន មិនបានរកឃើញសញ្ញា នៃភ្លើងឆេះ និង គ្មាននរណាម្នាក់ រងរបួស ក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា យន្តហោះ Boeing 787-10 មួយគ្រឿងនេះ បានដឹកអ្នកដំណើរ និងបុគ្គលិក សរុប២៧៦នាក់។ អ្នកនាំពាក្យ នៅអាកាសយានដ្ឋានអន្តរជាតិ Narita បាននិយាយថា បំណែក នៃសំបកកង់ យន្តហោះ ត្រូវបានគេរកឃើញ នៅលើផ្លូវរត់ ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិត អំពីឧបទ្ទវហេតុ នេះទេ។
Singapore Airlines សូមអភ័យទោសដល់អតិថិជនទាំងអស់ ចំពោះភាពរអាក់រអួល ដែលបណ្តាលមកពីឧប្បត្តិហេតុនេះ។ អ្នកនាំពាក្យក្រុមហ៊ុន បានសង្កត់ធ្ងន់ថា សុវត្ថិភាពរបស់អតិថិជន និងបុគ្គលិកគឺជាអាទិភាពចម្បងរបស់ក្រុមហ៊ុន។
គួរម្លឹកដែរថា កាលពីខែកក្កដា យន្តហោះដឹកអ្នកដំណើរ ជាង៣០០នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ក្នុងពេលប៉ុនប៉ងហោះ ទៅកាន់ទីក្រុងហុងកុង បានសម្រេចចិត្តហោះត្រលប់ក្រោយវិញជាបន្ទាន់ បន្ទាប់ពីបានដឹងពីបញ្ហាបច្ចេកទេស។ កាលពីខែឧសភា យន្តហោះមួយគ្រឿងទៀតរបស់ Singapore Airlines នេះដូចគ្នា បានជួបហេតុការណ៍ខ្យល់គួច ស្លាប់អ្នកដំណើរម្នាក់ ហើយមនុស្សរាប់សិបនាក់ទៀត របួសធ្ងន់ ស្រាល ដោយយន្តហោះបង្ខំចិត្ត ចុះចតបន្ទាន់ នៅប្រទេសថៃ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត