«មាស» ក្លាយជាទុនបំរុងដ៏ពេញនិយម ក្នុងភាពតានតឹងភូមិសាស្ត្រនយោបាយ
បរទេស៖ ក្នុងពេលតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោក បណ្តាធនាគារកណ្តាលកំពុងធ្វើពិពិធកម្ម «ទុនបំរុង» ដោយងាកចេញឆ្ងាយពីប្រាក់ដុល្លារអាមេរិក និងប្រាក់យន់របស់ចិន ប្តូរទៅរកការប្រមូលទិញ មាស ទុក ឬ ពួកគេហៅថាជា «រូបិបណ្ណគ្មានរដ្ឋ» នេះបើតាមការចេញផ្សាយរបស់ Nikkei Asia នាពេលថ្មីៗនេះ។
ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន បានបង្កឱ្យមានការដាក់ទណ្ឌកម្ម ដ៏តឹងរ៉ឹង របស់សហរដ្ឋអាមេរិក ហើយបានចាក់សោ «ទីក្រុងម៉ូស្គូ» ចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល ដែលពឹងផ្អែកលើប្រាក់ដុល្លារ ខណៈប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ប្រមូល «មាស» ដែលមិនជាប់ទាក់ទងនឹងប្រទេសជាក់លាក់ ណាមួយឡើយ។ ការផ្លាស់ប្តូរ ពីការកាន់កាប់រូបិយប័ណ្ណ ក្នុងរូបភាពបែបនេះ ឆ្លុះបញ្ចាំងពីការបែងចែកជាសកល នេះបើតាម Nikkei Asia ដដែល។
ប្រភពបានឲ្យដឹងទៀតថា សមាមាត្រនៃរូបិយប័ណ្ណអាមេរិក នៅក្នុងទុនបម្រុងបរទេសសកល បានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺមានជាង៧០% ធៀបនឹងដើមទសវត្សរ៍ ឆ្នាំ២០០០។ បច្ចុប្បន្ននេះ ចំណែកប្រាក់ដុល្លារ នៃទុនបំរុងបរទេស ដែលកាន់កាប់ ដោយធនាគារកណ្តាល និងរដ្ឋាភិបាលនានា ទូទាំងពិភពលោក ស្ថិតក្នុងកម្រិតទាប ជាប្រវត្តិសាស្ត្រ។ រូបិយប័ណ្ណរបស់ប្រទេសចិន ក៏មាននិន្នាការធ្លាក់ចុះផងដែរ។ នៅចុងខែមីនា ប្រាក់ «យន់» មានចំនួន ២.២% នៃទុនបម្រុងបរទេសសកល ធ្លាក់ចុះ០.៧% ពីកម្រិតខ្ពស់បំផុតរបស់ខ្លួន ក្នុងខែមីនា ឆ្នាំ២០២២។
ជាមួយគ្នានេះ ការទិញ «មាសសុទ្ធ» ដោយធនាគារកណ្តាល នៅក្នុងពិភពលោក ក្នុងឆ្នាំ២០២៣ មានចំនួនប្រហែល ១០៣០តោន បន្ទាប់ពីមានកំណត់ត្រា ១០៨២ តោន ក្នុងឆ្នាំ២០២២ និង ជាឆ្នាំទីពីរ ជាប់ៗគ្នា ដែលការទិញមាស លើសពី ១០០០ តោន។ នៅក្នុងត្រីមាសទីពីរ នៃឆ្នាំ២០២៤ ការទិញសុទ្ធ មានប្រហែល ១៨៣ តោន កើនឡើង ៦% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមស្ថិតិ ពីក្រុមប្រឹក្សាមាសពិភពលោក ហៅកាត់ WGC។
ធនាគារកណ្តាលរបស់ប្រទេសចិន កាលពីខែកក្កដា បានរាយការណ៍ថា ទុនបម្រុង «មាស» របស់ខ្លួន មានចំនួនប្រហែល ២២៦៤តោន នៅចុងខែមិថុនា ដោយរក្សាកម្រិតនេះ សម្រាប់រយៈពេល ពីរខែ ជាប់ៗគ្នា។
ទន្ទឹមនឹងនោះ ធនាគារកណ្តាលរបស់ប្រទេស ប្រេស៊ីល បានរាយការណ៍ដែរថា សមាមាត្របម្រុង «មាស» របស់ខ្លួន នៅត្រឹម ២.៦% នៅចុងឆ្នាំ ២០២៣ កើនឡើង ០.០៨ភាគរយ ធៀបនឹងឆ្នាំមុន។ ទុនបម្រុង «មាស» របស់ឥណ្ឌា សិង្ហបុរី ហ្វីលីពីន និងប្រទេសផ្សេងៗទៀត ក៏បង្ហាញពីកំណើន ផងដែរ។
ជាមួយនឹងការមើលមិនឃើញពីសញ្ញាបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ឬ ភាពចលាចល នៅតំបន់មជ្ឈិមបូព៌ា ហានិភ័យភូមិសាស្ត្រនយោបាយមួយទៀត ដែលអាចកើតឡើង បន្ថែមទៀត គឺ លោក Donald Trump។ ប្រសិនបើអតីតប្រធានាធិបតីអាមេរិករូបនេះ ឈ្នះការគ្រប់គ្រង សេតវិមាន អំឡុងការបោះឆ្នោតអាមេរិក នៅក្នុងខែវិច្ឆិកា ពិតមែននោះ ការប្រឈមមុខដាក់គ្នា រវាងសហរដ្ឋអាមេរិក និងចិន ទំនងជានឹងកាន់តែខ្លាំងឡើង។ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ការព្រួយបារម្ភលើការកាន់កាប់ប្រាក់ដុល្លារអាមេរិក អាចនឹងកើនឡើងបន្ថែមទៀត ដោយសារការរីកចម្រើន ក្នុងហិរញ្ញវត្ថុឌីជីថល ធ្វើឱ្យការចូលប្រើរូបិយប័ណ្ណ របស់សហរដ្ឋអាមេរិក មានភាពងាយស្រួល ជាងពេលណាៗ ទាំងអស់ នេះបើតាម Nikkei Asia ដដែល៕
ប្រែសម្រួល៖ សារ៉ាត