ឯកឧត្តម ហឿង សុផុន អំពាវនាវ អាណាព្យាបាល គ្រប់ភាគីពាក់ព័ន្ធ សូមផ្តល់ឱកាសឱ្យជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងលេងកីឡា
ភ្នំពេញ៖ ឯកឧត្តម ហឿង សុផុន រដ្ឋលេខាធិការ ក្នុងនាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា បានអំពាវនាវ ក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ខេត្តស្វាយរៀង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ថា សូមអាណាព្យាបាល គ្រប់ភាគីពាក់ព័ន្ធ ផ្តល់ឱកាសអោយជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងលេងកីឡា ។
ឯកឧត្តម បន្តថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញ មានការទទួលខុសត្រូវក្នុង ការអភិវឌ្ឍ ចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាជាអង្គការសង្គមកីឡា ដែលទទួលបន្ទុកជនពិការខ្សោយសតិបញ្ញាឱ្យទទួលបាន សិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ដែលធ្វើឱ្យពួកគាត់ទទួលបាននូវ សុខុមាលភាព និងមានភាព ក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរាក់ទាក់ពី សំណាក់អាណាព្យាបាល និងកីឡាករ កីឡាការិនីដទៃទៀត និងជៀសផុតពីការរើសអើងផ្សេងៗនៅក្នុងសង្គម។ ជាពិសេសផ្តល់ឱកាសដល់ក្មួយៗជនពិការខ្សោយសតិបញ្ញាបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដែលបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនពិការ ព្រមទាំងអនុវត្តតាមគោលការច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនមានពិការភាព។
ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក បានមានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណងគឺ ផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមក លើកកំពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម។
លើសពីនេះទៀតនោះ ការប្រកួតមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែវិច្ឆិកាខាងមុខផងដែរ។
ឆ្លងកាត់ការប្រកួតនេះ ឪពុក ម្តាយ អាណាព្យាបាល ជនមានពិការភាពខ្សោយសតិបញ្ញា បានយល់ដឹងកាន់តែទូលំទូលាយ និងបានបង្កលក្ខណៈឲ្យកូនចៅរបស់គាត់បានចូលរួមក្នុងការហ្វឹកហាត់នូវប្រភេទកីឡាបាល់ទាត់ កីឡាប៊ូល និងកីឡាអត្តពលកម្ម ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់កីឡាករ ក្នុងការចូលរួមចលនា កីឡាស្ប៉េស្យាល់អូឡាំពិកបានល្អប្រសើរ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ មានប្រតិភូកីឡា អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស អាណាព្យាបាលចំនួនសរុប២២១នាក់ មកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ប្រកួតលើ៣ប្រភេទកីឡា គឺកីឡាអត្តពលកម្ម បុរស-នារី , កីឡាបាល់ទាត់យូនីហ្វាយ បុរស និងនារី និងកីឡាប៊ូល ៖ ១ នាក់ទល់១ នាក់ និង ២នាក់ទល់២នាក់ ។ ជាលទ្ធផលស្វែងរកឃើញម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធផងដែរ ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ