អាមេរិកថា អ៊ីរ៉ង់ត្រៀមផ្គត់ផ្គង់មីស៊ីល ទៅឲ្យរុស្ស៊ី
បរទេស៖ សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា មានគម្រោងបញ្ជូនកាំជ្រួចផ្លោង ទៅកាន់ប្រទេសរុស្ស៊ី ដោយបានព្រមានថា ខ្លួននឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរ បើអ៊ីរ៉ង់ហ៊ានធ្វើ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទ។
លោក វ៉េដាន ប៉ាតែល (Vedant Patel) បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកបានទាក់ទងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប លើរបាយការណ៍ដែលថា អ៊ីរ៉ង់កំពុងរៀបចំផែនការបញ្ជូនកាំជ្រួចផ្លោងរាប់រយគ្រាប់ ទៅកាន់ប្រទេសរុស្ស៊ី។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការណ៍នេះបង្ហាញពីការគាំទ្ររបស់អ៊ីរ៉ង់ កាន់តែខ្លាំង ចំពោះសង្គ្រាមឈ្លានពាន របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។
រុស្ស៊ីបាននិងកំពុងងាកទៅរកប្រទេស ដែលស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិ រួមទាំង កូរ៉េខាងជើងផងដែរ ដើម្បីទទួលបានការផ្គត់ផ្គង់សម្ភារៈយោធា គាំទ្រដល់ប្រតិបត្តិការរបស់ខ្លួន នៅអ៊ុយក្រែន។
កន្លងមក សហរដ្ឋអាមេរិកធ្លាប់បានដាក់ទណ្ឌកម្ម លើអ្នកផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ហៅកាត់ UAV របស់អ៊ីរ៉ង់ ដល់រុស្ស៊ីផងដែរ។ តែ មន្រ្តីអ៊ីរ៉ង់ បន្តបដិសេធ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិករូបនេះដដែល ប៉ុន្តែលោក ប៉ាតែល បន្ថែមទៀតថា បើទោះបីជាបដិសេធ ពិភពលោកបានឃើញច្បាស់ថា រុស្ស៊ីតែងតែប្រើ UAV ក្នុងសង្គ្រាមនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត