ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France បន្តផ្អាកជើងហោះហើរទៅលីបង់
បារាំង៖ ក្រុមហ៊ុនអាកាសចរណ៍ Air France និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Transavia France បានបន្តផ្អាកជើងហោះហើរទៅកាន់រដ្ឋធានីបេរូត ប្រទេសលីបង់ រហូតដល់ថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហា ដោយសារតែភាពតានតឹងនៅតែបន្តកើតមានក្នុងតំបន់។
ក្រុមហ៊ុន Air France និងក្រុមហ៊ុនបុត្រសម្ព័ន្ធតម្លៃទាបរបស់ខ្លួន Transavia France បានផ្អាកជើងហោះហើរទៅកាន់រដ្ឋធានីបេរូត របស់ប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីអ៊ីស្រាអែលបានប្តេជ្ញាសងសឹកវិញ ក្រោយមានការបាញ់គ្រាប់រ៉ុក្កែតពីប្រទេសលីបង់ ដែលបានសម្លាប់មនុស្ស ១២នាក់នៅតំបន់ Golan Heights។ ទន្ទឹមគ្នា ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក៏បានបញ្ឈប់ជើងហោះហើរទៅកាន់ទីក្រុងបេរូតផងដែរ។
កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Eurowings និង Lufthansa បានលុបចោលជើងហោះហើរចំនួន៣ជើងទៅកាន់ទីក្រុងបេរូត ដែលបានគ្រោងទុកនៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះបើយោងតាមក្រុមប្រឹក្សាព័ត៌មាននៅឯអាកាសយានដ្ឋាន និងគេហទំព័រតាមដានជើងហោះហើរ Flightradar24។
រីឯក្រុមហ៊ុនអាកាសចរណ៍តួកគីក៏បានលុបចោលជើងហោះហើរចំនួនពីរជើងកាលពីថ្ងៃទី២៨ ខែកក្កដា ហើយក្រុមហ៊ុនដឹកជញ្ជូនថវិកាដែលមានមូលដ្ឋាននៅប្រទេសតួកគី SunExpress, ក្រុមហ៊ុនបុត្រសម្ព័ន្ធតួកគី AJet, ក្រុមហ៊ុនអាកាសចរណ៍ក្រិក Aegean Airlines, ក្រុមហ៊ុន Ethiopian Air និង MEA ក៏បានលុបចោលជើងហោះហើរដែលគ្រោងនឹងចុះចតនៅទីក្រុងបេរូត កាលពីថ្ងៃទី២៩ ខែកក្កដាផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា