មន្ត្រីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ និងកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម
ខេត្តមណ្ឌលគិរី៖ សកម្មភាពក្រុមការងារនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក សុន សារឿន ប្រធានមន្ទីរ បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ និងកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តស្រុកកែវសីមា និងស្រុកពេជ្រាដា ក្នុងខេត្តមណ្ឌលគិរី។
ក្នុងដំណើរបំពេញបេសកម្មនេះ ដើម្បីសាកសួរព័ត៌មាន និងការរស់នៅរបស់ប្រជាពលរដ្ឋ និងកងកម្លាំងនៅតាមបណ្តាខ្សែក្រវ៉ាត់ព្រំដែន ក្នុងកិច្ចការការពារបូរណភាពទឹកដី ជីវភាពប្រជាពលរដ្ឋ ប្រកបរបរចិញ្ចឹមជីវិត លើដំណាំកសិកម្ម កសិឧស្សាហកម្ម ដំណាំផ្សេងៗបានល្អប្រសើរ តាមរយះដោះដូរទំនិញគ្នា ទៅវិញទៅមកជាមួយប្រទេសជិតខាង ជាពិសេស ការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា វៀតណាម ឡាវ បានធ្វើឱ្យខេត្ត ជាប់ព្រំដែនកាន់តែមានការរីកចម្រើន ដោយផ្សារភ្ជាប់នឹងបណ្តាខេត្តផ្សេងៗរបស់យើង និងតភ្ជាប់សេដ្ឋកិច្ចជាតិ ជាមួយបណ្តាប្រទេសជិតខាង។
ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមប្រវែង ៣១៤.៦៦៤គីឡូម៉ែត្រ ព្រំប្រទល់ខាងកើត និងខាងត្បួង ជាប់ជាមួយខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ខាងជើងជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី និងខាងលិចជាប់នឹងខេត្តក្រចេះ។
កងកម្លាំងដែលឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែន និងប្រជាពលរដ្ឋ ដែលរស់នៅផ្ទាល់ខ្សែក្រវ៉ាត់ព្រំដែន សូមប្រឆាំងដាច់ខាតចំពោះក្រុមជនអគតិ ដែលញុះញង់ ចង់បំផ្លាញសន្តិភាព និងការរីកចម្រើនរបស់កម្ពុជា។
កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ សូមគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការត្រីកោណនេះ និងសូមរាជរដ្ឋាភិបាល បន្តអនុវត្តកិច្ចសហប្រតិបត្តិការព្រោះជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕
ប្រភព ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី


