តាលីបង់ថាបាននាំ «សន្តិសុខ» ដល់អាហ្វហ្គានីស្ថាន
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល តាលីបង់ បាននិយាយ កាលពីថ្ងៃចន្ទថា ពួកគេបាននិងកំពុងនាំ «សន្តិសុខ» ដល់ប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid និយាយថា ពួកគេបាន «ទទួលជោគជ័យ» ក្នុងការនាំយកសន្តិសុខ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ទោះបីជាមានការភ័យខ្លាច ចំពោះការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយសាខារបស់ក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក៏ដោយ។
លោក Mujahid បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ AFP ថា «ប្រសិនបើអ្នកក្រឡេកមើលប្រទេសអាហ្វហ្គានីស្ថាន សព្វថ្ងៃនេះ អ្នកនឹងឃើញថា យើងមានកម្លាំងសន្តិសុខខ្លាំង នៅក្នុងជួរកងទ័ព ប៉ូលីស និងសេវាស៊ើបការណ៍សម្ងាត់»។ យ៉ាងណាមិញ លោក Mujahid បានបដិសេធ មិនឆ្លើយសំណួរ ចោទសួរពីសិទ្ធិស្ត្រី នៅអាហ្វហ្គានីស្ថាន។
ទោះបីជាមានការពង្រឹងសន្តិសុខ រយៈពេលបីឆ្នាំ បន្ទាប់ពីការបញ្ចប់នៃការបះបោររបស់ពួកតាលីបង់ ក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅតែទ្រឹង ហើយចំនួនប្រជាជនរបស់ខ្លួន កំពុងស្ថិតក្នុងវិបត្តិមនុស្សធម៌ ដែលកាន់តែអាក្រក់ទៅៗ។
មួយភាគបីនៃប្រជាជនអាហ្វហ្គានីស្ថានប្រហែល ៤០ លាននាក់ រស់នៅ ពឹងតែលើនំបុ័ង និងតែ។ បើយោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា មានភាពអត់ការងារធ្វើ មានទំហំដ៏ច្រើន ហើយធនាគារពិភពលោក បានព្រមានពីកំណើនសូន្យ ក្នុងរយៈពេលបីឆ្នាំ ខាងមុខ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត